ព្រះវិហារ៖ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដោយទទួលបានព័ត៌មានពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ពាក់ព័ន្ធ”ករណីឃាតកម្ម” កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួលរបស់ឈ្មោះ តាំង ចន្ធី ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង និងបានផ្ដល់ព័ត៌មានទៅលោកអធិការនគរបាលគ្រប់ ក្រុង-ស្រុក ដើម្បីធ្វើការសហការ។
នៅម៉ោង២១:០០នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចយេីងបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់កុលាបបីទង ឈ្មោះ ស៉ឹម វ៉ន ភេទប្រុស អាយុ៦៣ឆ្នាំ នៅភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ថាមាន”ករណីមនុស្សពុលថ្នាំ”នៅបន្ទប់ផ្ទះសំណាក់របស់ខ្លួន។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចយើងបានសហការជាមួយគ្រូពេទ្យ ចុះទៅកន្លែងកើតហេតុ ពេលទៅដល់ឃើញថា ជនរងគ្រោះពុលថ្នាំនេះ មានឈ្មោះ ឡោ គង់ហួរ ភេទ ប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាមុខសញ្ញាដែលយើងកំពុងស្វែងរកឃាត់ខ្លួន ពាក់ព័ន្ធ”ករណីឃាតកម្ម”កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៣ នៅខេត្តស្វាយរៀង ហើយបានបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ និងបានរាយការណ៍ជូន ឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ។ ដោយមានការសម្របសម្រួលពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ យើងបានធ្វើការឃាត់ខ្លួនមុខសញ្ញាខាងលើនៅមន្ទីរពេទ្យបង្អែកខេត្ត រងចាំបន្តនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ



