ក្រុមហ៊ុនឯកជនចំនួន៥ ត្រូវបានអនុញ្ញាតអោយចុះបញ្ជី ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១០០លានដុល្លារ

0

ភ្នំពេញ៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនវិនិយោគចំនួន៥ទីតាំង ក្នុងទំហំទឹកប្រាក់វិនិយោគសរុបប្រមាណ ១០០លានដុល្លារ ជាមួយឱកាសការងារ​ជាច្រើនរាប់ពាន់កន្លែង។

យោងតាមសេចក្ដីប្រកាសពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នេះបានឱ្យដឹងថា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានសម្រេចចេញវិញ្ញាបន​បត្រ​​ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ១- “EASTERN RUBBER (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ ៧៣,៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។

២- “RITHY RUBBER (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង។

៣- “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។

៤- “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។

៥- “EBELNO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងសម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្ថែមថា គម្រោងទាំងនេះ នឹងបើកកសិដ្ឋានចិញ្ចឹមសត្វ កសិដ្ឋានដំណាំ រោងចក្រដំឡើងបន្ទះសូឡា រោងចក្រកាត់ដេរ និងរោងចក្រដំឡើងសម្ភារៈអេឡិចត្រូនិក ជាមួយនឹងទុនវិនិយោគសរុបប្រមាណ ១០៣,៣លានដុល្លារ។

តាមរយៈគម្រោងនេះ នឹងអាចផ្ដល់ឱកាសការងារដល់​ប្រជា​ពលរដ្ឋក្នុងតំបន់បានចំនួន ១ ១៦៨ កន្លែង៕

ប្រភព៖ ក្រសួងព័ត៌មាន