៣ថ្ងៃចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ នៅ​ទូ​ទាំង​ប្រទេស​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុបជាង ១៣លាននាក់

0

ភ្នំពេញ​៖ តាម​របាយការណ៍​ទទួល​បាន​ពី​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត បាន​ឲ្យ​ដឹង​ថា​៖ រយៈពេល​៣​ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ចាប់ពី​ថ្ងៃ​ទី​១៤-១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប ១៣,១៨៧,៧៧១​នាក់ ក្នុង​នោះ​៖

− ភ្ញៀវ​ជាតិ ១៣.១៣២.០៨០ នាក់
− ភ្ញៀវ​អន្តរជាតិ ៥៥.៦៩១ នាក់

ក្នុង​នោះ តួលេខ​ប្រចាំ​ថ្ងៃ រួម​មាន​៖
− ថ្ងៃ​ទី​១៤ ខែមេសា​៖ ភ្ញៀវ​មាន​ចំនួន ២.០៩៨.៥០១ នាក់
− ថ្ងៃ​ទី​១៥ ខែមេសា​៖ ភ្ញៀវ​មាន​ចំនួន ៤.២៣៧.៧៨០ នាក់
− ថ្ងៃ​ទី​១៦ ខែមេសា​៖ ភ្ញៀវ​មាន​ចំនួន ៦.៨៥១.៤៩០ នាក់

គោលដៅ​ទេសចរណ៍​សំខាន់​ៗ​រយៈពេល​០៣​ថ្ងៃនេះ រួម​មាន​៖
− ខេត្តសៀមរាប ២.១២០.៣៧៣ នាក់
− ខេត្តបាត់ដំបង ១.៥០០.១៦៨ នាក់
− ខេត្តកំពង់ចាម ១.៤០៨.៨១១ នាក់
− រា​ធានី​ភ្នំពេញ ១.០៨០.៥០៩ នាក់
− ខេត្ត​ព្រះ​សីហ​នុ ៨៨៧.៨៩៣ នាក់
− ខេត្តកំពត ៨៧០.៣៩៩ នាក់
− ខេត្តស្វាយរៀង ៧៦០.៣៩៩ នាក់
− ខេត្តកំពង់ឆ្នាំង ៧៣៩.១៥៩ នាក់
− ខេត្តបន្ទាយមានជ័យ ៦៥០.០១៣ នាក់
− ខេត្តកំពង់ស្ពឺ ៥១២.៨៩៨ នាក់

ជា​ការ​កត់សម្គាល់ រួម​មាន​៖

− ចំនួន​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១៣ លាន​នាក់ ក្នុង​រយៈពេល​៣​ថ្ងៃនេះ គឺជា​ចំនួន​មួយ​ដ៏​ច្រើន​លើសលុប​លើស​ពី​ការ​រំពឹង​ទុក និង​ច្រើន​ជាង​ពេល​មុន​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ទៅ​ទៀត​។

− ចំនូ​ន​ភ្ញៀវ​ទាំង​ជាង ១៣​លាន​នាក់​នេះ គឺ​រដ្ឋបាល​រាជធានី ខេត្ត រាប់​បញ្ចូល​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស ចំនួន​បងប្អូន​ប្រជាជន​ដែល​បាន​ចូលរួម​លេង​កម្សាន្ត​នៅ​តាម​ទីតាំង​ដែល​មានការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត ព្រម​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លេង​កម្សាន្ត​នៅ​តាម​ភូមិ​ស្រុក និង​កន្លែង​ជួបជុំ​នានា​។

− ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែល​ជា​ខួប​១០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត និង​ការ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​នៅ​គ្រប់​រាជធានី​ខេត្ត ពិសេស​នៅ​តាម​ទីប្រជុំជន​ទីរួមខេត្ត ទីរួមស្រុក តំបន់​គោលដៅ​ទេសចរណ៍​សំខាន់​ៗ វត្ត​អារាម និង​នៅ​តាម​ភូមិ​ស្រុក​នានា គឺជា​កត្តា​ដែល​បាន​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​យ៉ាងច្រើន​កុះករ ស្រប​ពេល​ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៃ​ពិធីបុណ្យ​៣​ថ្ងៃនេះ បណ្តា​រាជធានី​ខេត្ត​បាន​បង្កើន​ទំហំ​នៃ​ការ​ជួបជុំ​កម្សាន្ត​កម្មវិធី​សង្ក្រាន្ត​នៅ​តាម​ទីប្រជុំជន​សំខាន់​ៗ ដូច​ជា​ការ​បន្ថែម​ឡានទឹក​សម្រាប់​បាញ់​ទឹក​កម្សាន្ត និង​ការ​ប្រគុំ​តន្ត្រី​បន្ថែម​ជាដើម​។

− ទន្ទឹម​នឹង​នេះ សកម្មភាព​នៃ​ការ​ដើរ​កម្សាន្ត​របស់​ភ្ញៀវ និង​បងប្អូន​ប្រជាពលរដ្ឋ មាន​តាំងពី​ពេល​ព្រឹក​រហូត​ដល់​យប់​អា​ធ្រា​តុ ពិសេស​ការ​កម្សាន្ត​បាញ់​ទឹក លាបម្សៅ និង​ចាក់​ភ្លេង​កម្សាន្ត​ជាដើម​។

− ចរន្ត​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​នេះ បាន​បង្កើត​ជា​ផលប្រយោជន៍​សេ​ដ្ច​កិច្ច​ដ៏​ច្រើន​ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​តាម​មូលដ្ឋាន​។ បណ្តា​សណ្ឋាគារ ផ្ទះសំណាក់ និង​សេវា​ស្នាក់​នៅ​ផ្សេង​ៗ​នៅ​ស្ទើរ​គ្រប់​ខេត្ត បាន​ទទួលភ្ញៀវ​ស្ទើរ​ពេញ​ស្ទើរ ១០០%​។ ទន្ទឹម​នឹង​នេះ បណ្តា​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន ក៏​មាន​ភ្ញៀវ​ចូល​ពេញ​ៗ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ ដែល​មាន​ភាព​ខុស​គ្នា​ធៀប​នឹង​ពេល​កំពុង​មាន​វិបត្តិ​កូ​វី​ដ​-១៩​ខ្លាំង ដែល​ពួក​គាត់​ភាគច្រើន​បាន​រៀបចំ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​សម្រាប់​បរិភោគ​។

− វិស័យ​ឯកជន​បាន​សំដែង​ការ​រីករាយ​ជា​ពន់ពេក​ចំពោះ​ចរន្ត​ភ្ញៀវ​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​នា​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នេះ និង​បន្ត​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ ខណៈ​ដែល​ឆ្នាំ​២០២៣ គឺជា​ឆ្នាំ​ទស្សនា​កម្ពុជា Visit Cambodia Year​។

− សភាពការណ៍​សន្តិសុខ សណ្តា​ប់ធា្ន​ប់ សុវត្ថិភាព ការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវ និង​ការ​គ្រប់គ្រង​គុណភាព និង​តម្លៃ​សេវា​ទេសចរណ៍​នានា មាន​ភាពល្អ​ប្រសើរ​ច្រើន បើ​ទោះបី​មាន​បញ្ហា​ចោទ​ឡើង​តិចតួច ខណៈ​ដែល​កំលាំង​មាន​សមត្ថកិច្ច ទាំង​នៅ​ថ្នាក់​ជាតិ និង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ខេត្ត បាន​អនុវត្ត​ការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​។

− ប្រជាពលរដ្ឋ​ទូទៅ ពិសេស​យុវជន សិស្ស​-​និស្សិត និង​កម្មករ កម្ម​ការី មាន​សេចក្តី​រីករាយ និង​ថ្លែ​អំណរ​គុណ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដែល​បាន​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​តាម​រថយន្តក្រុង​សាធារណៈ​ដោយ​ឥត​គិតថ្លៃ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មក​ស្រុក​កំណើត​។

ជា​រួម យើង​អាច​វាយតំលៃ​បាន​ថា ចរន្ត​ភ្ញៀវ​ដ៏​ច្រើន​កុះករ​មិន​ធ្លាប់​មាន​ក្នុង​ឱកាស​ចូល​ឆ្នាំ​នេះ គឺ​បាន​មក​ពី​ការ​ជឿជាក់​លើ​ភាពស៊ាំ​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ ការ​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ដ៏​សំបូរ​បែប ពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត និង​ការ​ធានា​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ​ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ដើរ​កម្សាន្ត​បាន​ទូ​ទាំង​ប្រទេស​៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

May be an image of blueprint