បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃមានភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តស្ទឹងត្រែង ជិត៣ម៉ឺននាក់

0

ស្ទឹងត្រែង៖ ស្ថិតក្នុងភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦មេសា មានភ្ញៀវទេសចរមកលេងកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តស្ទឹងត្រែង ចំនួនជិត៣ម៉ឺននាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២មានការកើនឡើង ៦,២៥% ។

លោក អ៊ន ប៉ោស៊ឿន ប្រធានមន្ទីរទេសចរណ៍ខេត្ត បានគូសបញ្ជាក់ថា ៖ ភ្ញៀវទេសចរកើនឡើងនៅឆ្នាំ ២០២៣នេះ បានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ដែលបាននាំកម្ពុជាត្រឡប់មកប្រក្រតីភាពឡើងវិញ ក្រោយពីបានបើកយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩មានប្រសិទ្ធភាព។

លោកបន្តថា៖ចំណុចនេះក៏បានផ្ដល់ឱកាសឱ្យប្រទេសជាតិយើងដំណើរការឡើងវិញលើគ្រប់វិស័យ ជាពិសេសគឺការនាំមកនូវស្នាមញញឹម សប្បាយរីករាយរបស់ប្រជាពលរដ្ឋយើង ក្នុងឱកាសទទួលសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃកន្លងមកនេះ។

លោកបន្តថា៖ក្រៅពីនោះមានកត្តាច្រើនយ៉ាងទៀត ដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំថ្មី ឡើង បង្កឱ្យមានភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅតាមបណ្តាខេត្តនីមួយៗបាន គឺ

ទី១ ៖ កត្តាសន្តិភាព ដែលគ្របដណ្ដប់ទូទាំងប្រទេសរបស់យើង បានផ្ដល់ឱកាសសប្បាយរីករាយ សម្រាប់ប្រជាពលរដ្ឋ អាចបំពេញកិច្ចការទៅតាមបំណងរបស់ខ្លួន ដោយស្របតាមច្បាប់ ។

ទី២៖ មានហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវល្អ ដែលជាសមិទ្ធផល ថ្មីៗរបស់រាជរដ្ឋាភិបាលបានកសាងឡើង តភ្ជាប់គ្នា បង្កលក្ខណៈងាយស្រួលក្នុងធ្វើចរាចរណ៍ពីខេត្តមួយទៅខេត្តមួយ ពីកន្លែងមួយទៅកន្លែងមួយ ទៀត ។

ទី៣៖ ប្រជាពលរដ្ឋមានមធ្យោបាយធ្វើដំណើរ ទាំងផ្ទាល់ខ្លួន និងសេវាឈ្នួល រួមទាំងសេវាដឹកជញ្ជូន ដែលរដ្ឋបានផ្ដល់ជូនដោយឥតគិតថ្លៃផងដែរ ។

និងទី៤៖ ប្រជាពលរដ្ឋមាន ជីវភាពល្អប្រសើរ មានលទ្ធភាពធ្វើដំណើរកម្សាន្តបាន ក្នុងឱកាសបុណ្យ ចូលឆ្នាំនេះ ។

សូមបញ្ជាក់ថា៖ នៅឆ្នាំ២០២៣នេះ ខេត្តស្ទឹងត្រែងមានរមណីយដ្ឋានចំនួន១០កន្លែង សម្រាប់ភ្ញៀវមក លេងកម្សាន្ត ក្នុងនោះភ្ញៀវទៅលេងច្រើនជាងគេមានរមណីយដ្ឋានអូរឫស្សីកណ្តាល -សម្រស់សេសាន – ព្រះរំកិល- ភ្នំជម្រកសត្វ- និងនិស័្សយស្នេហ៍សេសានជាដើម ៕

ប្រភព៖ ក្រសួងព័ត៌មាន