ភ្នំត្បែងមានសម្រស់ធម្មជាតិយ៉ាងស្រស់ស្អាត ដែលភ្ញៀវទេសចរមិនគួរមើលរំលងឡើយ

0

ភ្នំពេញ ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ភ្នំត្បែងជាគោលដៅដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរ ដែលតំបន់នោះសម្បូរទៅដោយធនធានធម្មជាតិ មានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង តាមដំណាក់ នៃភ្នំ លាយឡំនិងធម្មជាតិបៃតងស្រស់ស្អាតគ្រប់រដូវកាល និងជាតំបន់មានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នៅថ្ងៃអនាគត ជាពិសេសជាជម្រកសត្វព្រៃជាច្រើនប្រភេទផងដែរ ។ .លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានមានប្រសាសន៍ថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលមានការផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និង សាសនា និងមានសក្តានុពលខ្ពស់ ក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងៗទៀតនៅក្នុងខេត្តព្រះវិហារ ។

លោកបានបន្តថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ជាកន្លែងទីសក្ការៈបូជានិងជំនឿដ៏ស័ក្តិសិទ្ធតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន មាន សក្តានុពលទៅលើធនធានធម្មជាតិ និង ជីវៈចម្រុះ ដូចជាប្រភេទសត្វកម្រ មានសត្វកែះ ប្រើស ឈ្លូស ខ្លាឃ្មុំ និងសត្វផ្សេងៗទៀត ដែលជាប្រភេទសត្វកម្រ និងជាទីតាំងទេសចរណ៍ដ៏មានសក្កានុពល ដែលទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត ។ លោកបន្តទៀតថា តំបន់ទេសចរណ៍ភ្នំត្បែង មិនត្រឹមតែជាកន្លែងទស្សនាធម្មជាតិ ទស្សនាសត្វព្រៃ និងងូតទឹកធ្លាក់ប៉ុណ្ណោះទេ តែជាកន្លែងសម្រាកលម្ហែកាយ ឬការជួបជុំបោះជុំរុំ បង្កើនអនុស្សាវរីយ៍ ពិសេសគឺបម្រើដល់ការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត និងមនុស្សជំនាន់ក្រោយផងដែរ។  «តំបន់ភ្នំត្បែងមានជ័យ ដែលជាតំបន់បេតិភណ្ឌធម្មជាតិ ត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកន្លងមកនេះ។

ថ្មីៗនេះក្រសួងទេសចរណ៍រៀបចំប្រកាស ផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ផ្នែកដងទន្លេមេគង្គលើ និងគោលដៅទេសចរណ៍ភ្នំត្បែងមានជ័យដែលស្ថិតក្នុងទឹកដីព្រះវិហារនេះតែម្តង។ អ៊ីចឹងយើងឃើញថា ផ្អែកទៅលើសក្តានុពលទាំងនេះ ខេត្តព្រះវិហារនឹងក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជានិងរបស់ខេត្ត »។ លោកប្រធានមន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯក មានសម្រស់ធម្មជាតិស្អាតៗជាមួយនិងទឹកជ្រោះចំនួន៣ដំណាក់ ហូរធ្លាក់តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចម្ការចេករបស់ប្រជាពលរដ្ឋ ដាំតាមដងផ្លូវទៅកាន់ភ្នំត្បែង ដែលភ្នំនេះ មានកម្ពស់ ប្រមាណ៤០០ម៉ែត្រ ដោយអ្នកធ្វើដំណើរត្រូវឆ្លងកាត់កាំជណ្តើរ១.៣៨០កាំ។ តំបន់នេះបានក្លាយជាទីចាប់អារម្មណ៍នៃទេសចរជាតិ និងអន្តរជាតិ សម្រាប់ដំណើរកម្សាន្តបែបផ្សងព្រេង និងការបោះតង់ជាក្រុម ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងនេះ ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិរួចហើយ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ។ តំបន់បេតិកភណ្ឌភ្នំត្បែងនេះ បានគ្រប់ដណ្តប់ចំនួន៥ស្រុក គឺស្រុកគូលែន សង្គមថ្មី, ត្បែងមានជ័យ, ក្រុងព្រះវិហារ និងស្រុករវៀង ៕

ប្រភព៖ ក្រសួងព័ត៌មាន