ទិន្នផលអំបិលមានការធ្លាក់ចុះដោយសារអាកាសធាតុមិនសូវអំណោយផល នៅឆ្នាំ២០២៣

0

កំពត៖ លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានឱ្យដឹងថា នៅឆ្នាំ២០២៣ ទិន្នផលអំបិលមានការធ្លាក់ចុះដោយសារអាកាសធាតុមិនសូវអំណោយផល តែទោះជាយ៉ាងណាលោក បានអះអាងថា ក៏មិនធ្វើឱ្យប្រជាពលរដ្ឋខ្វះខាតអំបិលបរិភោគឡើយ។

លោក សុខ គឹមជឿន ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងដែរថា ដោយសារកត្តាអាកាសធាតុមិនសូវអំណោយផល មានភ្លៀង ធ្លាក់ច្រើនបានធ្វើឱ្យការប្រមូលផលអំបិលឆ្នាំនេះអូសបន្លាយរយៈពេលយូរ រហូតដល់ខែមករា ទើបតែ ប្រមូលផលអំបិលខេត្តកំពត បានប្រមាណ១ម៉ឺនតោនប៉ុណ្ណោះ ធ្វើឱ្យទិន្នផលអំបិលធ្លាក់ចុះ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ លោកបន្ដថា ចាប់ពីខែមីនានេះទៅ អាកាសធាតុអំណោយផល អាចចាប់ផ្ដើមប្រមូលផលបានហើយ បើអាកាសធាតុប្រសើរដូចសព្វថ្ងៃ ទិន្នផលអំបិលឆ្នាំ២០២៣នេះ អាចប្រមូលផលបានច្រើនប្រហែលជាង៧ម៉ឺនតោន។ លោកប្រធានបញ្ជាក់ថា សម្រាប់តម្រូវការប្រើប្រាស់ទូទាំងប្រទេសក្នុងមួយឆ្នាំៗ គឺប្រមាណ១០ម៉ឺនតោន ដែលធ្វើឱ្យមានការខ្វះខាតបន្ដិចបន្តួច តែទោះជាយ៉ាងណាក៏ខាងសមាគមបានស្នើសុំរាជរដ្ឋាភិបាល ក្នុងការនាំចូលអំបិលដោយមានការត្រួតពិនិត្យគុណភាពច្បាស់លាស់ ដើម្បីផ្គត់ផ្គង់ ការប្រើប្រាស់ មិនឱ្យមានកាខ្វះខាត។

« កន្លងមកយើងធ្វើការសុំនាំចូលគឺប្រទេសឥណ្ឌា ចំនួន ៦ម៉ឺនតោន ប៉ុន្តែយើងទើបតែ នាំបាន ចំនួនតែ១៨០០០តោនទេ។ អ៊ីចឹងក្រោយពីរដូវផលិតចាប់ផ្ដើមហើយ ខេត្តកំពតចាប់ផ្ដើម ប្រមូលអំបិល បាន យើងក៏ផ្អាកការនាំចូលដែរដោយកំពុងតែនៅរង់ចាំសន្ទុះនូវការផលិតដើម្បីកុំឱ្យជាន់គ្នា ព្រោះខាង ក្រុមហ៊ុននាំចូលក៏ជាក្រុមផលិតអំបិលដែរ»។

អ្នកស្រី ខេង សុផល អ្នកផលិតអំបិលនៅខេត្តកំពត បានឱ្យដឹងថា ការប្រមូលផលអំបិលទើបតែបានចាប់ ផ្តើម នៅខែមីនា ដោយសារមេឃភ្លៀងជាបន្តបន្ទាប់ បង្កឱ្យមានការយឺតយ៉ាវក្នុងការប្រមូលផល។ អ្នកស្រី បន្ដថា ការប្រមូលផលអំបិល ត្រូវចាប់ផ្តើមពីចុងខែ ធ្នូ ឬដើមខែ មករា ដល់ខែឧសភា នៃឆ្នាំនីមួយៗ ប៉ុន្ដែឆ្នាំនេះរាងយឺតជាងឆ្នាំមុន ដែលធ្វើឱ្យការប្រមូលផលអំបិលបានតិច។ សូមបញ្ជាក់ថា បើតាមទិន្នន័យគឺការផលិតអំបិលក្នុងខេត្តកំពត គិតត្រឹមដំណាច់ខែកុម្ភៈ សម្រេចបានជាង ៩០០តោន ហើយបើគិតក្នុងរយៈពេល ១សប្តាហ៍ដើមខែមីនា គឺការប្រមូលផលសរុបអាចស្ថិតក្រោម ២ពាន់តោន៕

ប្រភព៖ ក្រសួងព័ត៌មាន