ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលក៏បានបន្តការដំឡើងប្រាក់បៀវត្សជូនមន្ត្រី រាជការនិងកងកម្លាំងប្រដាប់អាវុធដើម្បីសម្រួលដល់ជីវភាពមន្ត្រី រាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យកាន់តែល្អប្រសើរ។
តាមរយៈសារលិខិតជូនជនរួមជាតិ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ផលិតផលក្នុងស្រុកសរុប(ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី១ ៧៣០ដុល្លារអាម៉េរិក ក្នុង ឆ្នាំ២០២១ ដល់ប្រមាណ១ ៧៨៥ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ និងត្រូវបានរំពឹងថាកើនឡើងដល់១ ៩២៤ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣នេះ។
តាមរយៈនេះសម្តេចតេជោ បានបន្តថា រាជរដ្ឋាភិបាលក៏នៅតែបន្តការដំឡើងប្រាក់បៀវត្សជូនមន្ត្រី រាជការនិងកងកម្លាំងប្រដាប់អាវុធ ការដំឡើងប្រាក់សោធនជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈជា អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ជាពិសេសការកាត់បន្ថយគម្លាតប្រាក់សោធនរវាងអ្នកចូលនិវត្តន៍ ចាស់និងថ្មី។
សម្តេចតេជោ បានបន្តទៀតថា រាជរដ្ឋាភិបាលក៏បានរៀបចំប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបាននូវប្រាក់បៀវត្សអប្បបរមាកើនដល់១លាន៣០ម៉ឺនរៀល ហើយការបើកបៀវត្សបានអនុវត្តទាន់ ពេលវេលា គឺបើក២ដងក្នុងមួយខែតាមប្រព័ន្ធធនាគារដើម្បីសម្រួលដល់ការចាយវាយរបស់មន្រ្តីរាជការ៕
ប្រភព៖ ក្រសួងព័ត៌មាន