ក្មេងប្រុសអាយុ ១១ឆ្នាំ ដែលលង់ទឹកសមុទ្រនៅឆ្នេរថ្មីខេត្តកែប ត្រូវបានរកសពឃើញហើយ

0

កែប​៖ ហេតុការណ៍​ក្មេង​ប្រុស​ម្នាក់​លង់ទឹក​សមុទ្រ​ហើយ​បាត់​ខ្លួន នៅ​ឆ្នេរ​ថ្មី ខាងជើង​ផ្សារ​ក្តាម ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​-​ខេត្ត​កែប កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​៤​នឹង​៤៥​នាទី ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​សហការ​ស្វែងរក​ឃើញ​ហើយ​។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ បាន​មក​លេង​កម្សាន្ត​ខេត្ត​កែប ចំណុច​កើតហេតុ​ខាងលើ ក្រោយ​ជួបជុំ​គ្នា​ញាំ​បាយ​រួច​ជន​រង​គ្រោះ​និង​បងប្អូន​២​នាក់​ទៀត​បាន​ចុះ​លេង​ទឹកសមុទ្រ​មាន ទី​១ ឈ្មោះ ម៉ៅ សុខ​គា ភេទ​ប្រុស អាយុ​១៥ ឆ្នាំ មុខរបរ​សិស្ស ទី​២ ឈ្មោះ ម៉ៅ ស្រី​នី​ន ភេទ​ស្រី អាយុ​ប្រហែល​១២​ឆ្នាំ និង​ឈ្មោះ ម៉ៅ សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​១១ ឆ្នាំ មុខរបរ​សិស្ស​(​ជន​រង​គ្រោះ​)​។

បាន​មួយសន្ទុះ​ក្រោយមក ឈ្មោះ សុខ​គា ភេទ​ប្រុស ដែល​ចុះ​ទៅ​លេង​ទឹក​ដែរ​នោះ បាន​មក​ប្រាប់​សាច់ញាតិ​ថា ឈ្មោះ ម៉ៅ សា​រិ​ទ្ធិ​បាន​លង់ទឹក​ហើយ លឺ​ដូច្នេះ​ក្រុម​គ្រួសារ​ក៏​នាំ​គ្នារ​ត់ទៅ​កន្លែង​កើតហេតុ ហើយ​ក៏​បាន​នាំ​គ្នា​ចុះ​រាវរក តែ​រក​មិនឃើញ​ហើយ​ក៏​បាន​មក​រាយការណ៍​ជូន​សមត្ថកិច្ច​នៅ​ទីនោះ​ឲ្យ​ពួក​គាត់​ដឹង​ហេតុការណ៍ និង​ជួយ​រក​។
លុះដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ មេ​សា ២០២៣ សព​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​រក​ឃើញ និង​សហការ​ជា​ក្រុម​គ្រូពេទ្យ​ធ្វើ​កោសល្យវិច័យ ដោយ​សន្និដ្ឋាន​បាន​ថា​សព​ពិតជា​បាន​ស្លាប់​ដោយ​លង់ទឹក និង​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ