ចាប់បានម្នាក់ រត់រួចម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

0

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលបាក់ខែង នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួនពីរនាក់ ពាក់ពន្ធ័ករណី លួច(ម៉ូតូ) កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៧នឹង៣០នាទីព្រឹក ស្ថិតនៅក្រុមទី៣១ ផ្លូវបេតុង ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ នី សុខគ្រី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បន្ទប់ជួល ផ្លូវបេតុង ក្រុម៣១ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មករ(សត្តឃាត)។

ជនសង្ស័យទី១-ឈ្មោះ សេង ស៊ាងហារ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (បានឃាត់ខ្លួន), ជនសង្ស័យទី២ ឈ្មោះ ថា ភេទប្រុស អាយុប្រហែល៣៨ឆ្នាំ មុខរបរមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំមាត់ទន្លេ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (បានគេចខ្លួន)។

សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង០០នាទីព្រឹក ជនរងគ្រោះ ឈ្មោះ នី សុខគ្រី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ(សត្តឃាត) ពេលក្រោយពីដំណេក បានបាត់ម៉ូតូរបស់ខ្លួនដែលបានចតទុកនៅ មុខបន្ទប់ជួល លេខ០២ ក៏បានស្រែកឆោឡោ និងបានយកម៉ូតូរបស់បងប្រុសរបស់ខ្លួនជិះស្វែងរក ពេលជិះមកដល់ចំណុច ម្តុំរង្វង់មូលមច្ឆា ក៏បានប្រទះឃើញ ជនសង្ស័យឈ្មោះ សេង ស៊ាងហារ ដែលបានកំពុងតែជិះម៉ូតូរបស់ខ្លួន នៅពេលនោះជនរងគ្រោះក៏បាន ប្រាប់កម្លាំងសមត្ថកិច្ចដែលកំពុងតែធ្វើការល្បាតនៅទីនោះ ឲ្យជួយអន្តរាគមន៍ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាន តាមជនសង្ស័យនិងបានឃាត់ខ្លួន ស្ថិតនៅចំណុច ស្ថាននីយ៍ តូតាល ខណ្ឌបឬស្សីកែវ រួចបាននៅយកមកធ្វើសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារតែម្តង។

វត្ថុតាងដកហូតរួមមាន៖ ម៉តូម៉ាក Suzuki Let ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១ FK.៩៤១២ ចំនួន០១គ្រឿង, ដង្កាប់ដងជ័រ ពណ៌ក្រហម+លឿងចំនួន០១, ទួឡឺវីស សម្រាប់ឆ្កិះសោរចំនួន០១, ដែកត្រង៉ុក សម្រាប់ឆ្កិះសោរចំនួន០១, សោរជញ្ជៀនលេខ ១២ចំនួន០១។

បច្ចុប្បន្ននេះជនសង្ស័យខាងលើរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីចាត់ការបន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ