បន្ទាយមានជ័យ ៖ បុរសម្នាក់ប្រពន្ធអះអាងថា ក្រោយផឹក ប៊ូស្រ្តង (Boostrang)មានអាការៈ ហត់ដង្ហក់ ដៃខ្ញាំ កន្រ្តាក់ ហើយបានដាច់ខ្យល់ស្លាប់មុនពេលដឹកមកដល់មន្ទីរពេទ្យស្រុកព្រះនេត្រព្រះ ។ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៩និង១០នាទីព្រឹកថ្ងៃសៅរ៍ ១០ រោច ខែចេត្រ ឆ្នាំថោះ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ សពជនរងគ្រោះ ឈ្មោះ ស៊ឹង សុជាតិ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ សិប្បកម្មធ្វើពាង មានទីលំនៅភូមិ ព្រៃមាន់ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការនគរបាលស្រុកព្រះនេត្រព្រះបានបន្តថា ៖ តាមការបំភ្លឺរបស់ឈ្មោះ យ៉ាន់ រ៉ុន ភេទស្រី អាយុ៣៩ ឆ្នាំ ត្រូវជាប្រពន្ធរបស់សាកសព បានរៀបរាប់ថា ប្តីរបស់នាងខ្ញុំគាត់បានពិសារភេសជ្ជៈ ម៉ាក ប៊ូស្រ្តង (Boostrang) តាំងតែពីក្រុមហ៊ុនទើបតែបង្កើតមកម្ល៉េះ ។ រហូតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែលជា ៨ ព្រឹក ប្តីរបស់នាងខ្ញុំ គាត់បានយក អាណាង៉ោង ទៅអាអុសនៅមាត់ស្រះមុខផ្ទះ រហូតដល់ម៉ោងប្រហែល ៩ ព្រឹក គាត់់បានឈប់ ហើយបានប្រើកូនប្រុស អោយទៅយកភេសជ្ជៈ ប៊ូស្រ្តង (Boostrang) ចំនួន ០១កំប៉ុង យកមកគាស់ផឹក នៅសល់ខ្លះបានអោយទៅកូនប្រុសផឹកដែរ រួចក៏បានដើរពីមាត់ស្រះមកអង្គុយលើកាំជណ្ដើរទី ២ នៅមុខផ្ទះ បានប្រហែលជា ១០នាទី ស្រាប់តែឃើញប្តីរបស់នាងខ្ញុំដួល ផ្កាប់ មុខ នាងខ្ញុំបានទៅលើកប្តី ឃើញប្តីមានអាការៈ ហត់ដង្ហក់ ដៃខ្ញាំ កន្រ្តាក់ ឃើញអាការ: បែបនេះនាងខ្ញុំបានហៅប្អូនថ្លៃ ជួយលើកប្តីដាក់លើរថយន្ត ដឹកយកទៅមន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ពេលទៅដល់លោកគ្រូពេទ្យបានជួយពិនិត្យ និងសង្រ្គោះ ហើយបានប្រាប់នាងខ្ញុំថា ប្តីរបស់នាងខ្ញុំ បានដាច់ខ្យល់ស្លាប់មុនពេលដឹកមកដល់មន្ទីរពេទ្យបាត់ទៅហើយ ។
*បញ្ជាក់ ចំពោះកូនប្រុសរបស់នាងខ្ញុំ ដែលផឹកភេសជ្ជៈ ម៉ាក ប៊ូស្ត្រង Boostrang ដែលសល់ពីឪពុកនោះ គឺមិនមានអាករ:អ្វីកើតឡើងទេ។
លោកវរសេនីយ៍ឯក សួន សត្ថារ័ត្ន នាយការិយាល័យ នគរបាល បច្ចេកទេស និង វិទ្យាសាស្ត្រ ៖ ក្រោយពីទទួលបានព័ត៌មានទាក់ទងមានមនុស្សស្លាប់ទាក់ទិនករណីផឹកភេសជ្ជៈ ម៉ាក ប៊ូស្ត្រង Boostrang នោះ លោកវរសេនីយ៍ឯក ពៅ ខេមរ៉ា ស្នងការរង ជំនួយការការងារនគរបាលព្រហ្មទណ្ឌ ទទួលបន្ទុកការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្រ្ត បានចាត់ឲ្យលោកដឹកនំា កំលាំងជំនាញក្នុងការិយាល័យ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាននិងអាជ្ញាធរចុះទៅដល់ផ្ទះសាកសព នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ០២និង៥៥នាទី រសៀល និង មានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ បានបង្កើតគណៈកម្មការត្រួតពិនិត្យសពដែលមានសមាសភាពចូលរួមមាន ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាន ស្រុកព្រះនេត្រព្រះ,នគរបាលរដ្ឋបាលប៉ុស្តិ៍រហាល,លោកមេឃុំរហាល,គ្រូពេទ្យកោសល្យវិច័យ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះនិង ភរិយាសព ។
ការពិនិត្យស្លាកស្នាមលើសាកសពយើងទទួលបានលទ្ធផលដូចខាងក្រោម÷
-ផ្នែកក្បាល-ផ្នែកដងខ្លួន -ផ្នែកអវយវ ពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់ទេ ។
+ការវាយតំលៃ និង សន្និដ្ឋាន៖យោងតាមការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីជំនាញកោសល្យវិច័យលើសាកសព និងដោយមានការចូលរួមសន្និដ្ឋានពីលោកស្រី អូត សុអ៊ីន គ្រូពេទ្យកោសល្យវិច័យ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ និងដោយមានការទទួលយកសំបកកំប៉ុង ភេសជ្ជៈម៉ាក ប៊ូស្ត្រង Boostrang ដែលជនរងគ្រោះផឹកទឹកអស់ និងបានយក ភេសជ្ជៈម៉ាកប៊ូស្ត្រងដែលមានទឹកពេញ (មិនទាន់គាស់)ជូនទៅអ្នកគ្រូពេទ្យ អូត សុអ៊ីន ដើម្បីបញ្ជូនបន្តទៅមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ យកទៅធ្វើការពិសោធន៍ ចំពោះលទ្ធផល រងចាំទទួលនៅពេលក្រោយ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ