កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសាជាថ្មីមួយទៀត “រាំម៉ាឌីហ្សុនច្រើនជាងគេ” ឆ្នាំ២០២៣

0

សៀមរាប៖ នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នេះ កម្ពុជាបានបំបែកកំណត់ត្រាពិភពលោកថ្មីមួយទៀត គឺ«រាំម៉ាឌីហ្សុនច្រើនជាងគេ» ដោយមានអ្នកចូលរួមរាំច្រើនជាងគេ គឺមានចំនួនអ្នកចូលរួមរាំសរុប ៤៩៩៩នាក់ ក្នុងព្រឹត្តិការណ៍ អង្គរសង្រ្កាន្ដឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី ក្រុងអង្គរធំ។ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ក្នុងឱកាសនោះថា លើសពីការរំពឹងទុក ការបំបែក ឯតទគ្គកម្មពិភពលោក បំណងមួយទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬអាចនិយាយថា ការនាំភាពខុសគ្នាមករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ។

ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ការទទួលបានកំណត់ត្រាពិភពលោកសាជាថ្មី លើការរាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក មិនភ្លេចឡើយការចូលរួមដោយស្ម័គ្រចិត្តរបស់បងប្អូនសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសអ្នករស់នៅក្នុងខេត្តសៀមរាប ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួន ចូលរួម រាំម៉ាឌីហ្សុន ដើម្បីបំបែកកំណត់ត្រាថ្មី។ សូមជម្រាបថា គោលបំណងនៃការបំបែកឯតទគ្គកម្មរាំម៉ាឌីហ្សុនជាថ្មីម្តងទៀតនេះ គឺជាការបង្ហាញប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោមពាក្យស្លោកថា “ខ្មែរធ្វើបាន”។

លើសពីនេះថែមទៀត កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជន កម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្តរបស់មហាជន និងភ្ញៀវទេសចរអន្តរជាតិក្នុងព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៣៕

ប្រភព៖ ក្រសួងព័ត៌មាន