ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍បើករថយន្តលាក់ចូលប្រឡាយអូរដូនតា

0

ប៉ៃលិន៖ នៅវេលាម៉ោង ០៦:១០នាទីព្រឹក ថ្ងៃសៅរ៍ ១០ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើក ធ្លាក់ចូលប្រឡាយអូរដូនតា ចំនួន០១ករណីកើតឡើងនៅចំនុចផ្លូវកោងខ្លាំងជាប់ព្រំប្រទល់ ភូមិដីស្អិត ឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បណ្ដាលឲ្យមនុស្សស្លាប់ ០១នាក់នៅនឹងកន្លែងកើតហេតុ និងរបួសធ្ងន់០១នាក់ ខូចខាតរថយន្ត០១គ្រឿងកម្រិតធ្ងន់។ជនរងគ្រោះទី១ មានឈ្មោះ ម៉ៅ ណារិន ភេទ ប្រុស អាយុ ៦៥ឆ្នាំ(ប្ដី)មានទីលំនៅបច្ចុប្បន្នរស់នៅភូមិ ចំការខ្វេ សង្កាត់ ទូលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។ បើកបររថយន្តម៉ាក FRONTLER ពណ៌ស ពាក់ស្លាកលេខ ប៉ៃលិន 2A:4031 (ស្លាប់)។

ជនរងគ្រោះទី២ មានឈ្មោះ អេង ស្រស់ ភេទ ស្រី អាយុ ៣៥ឆ្នាំ(ប្រពន្ធ) មានទីលំនៅបច្ចុប្បន្នរស់នៅភូមិចំការខ្វេ សង្កាត់ ទូលល្វា ក្រុង ប៉ៃលិន ខេត្តប៉ៃលិន។ (រងរបួសធ្ងន់)។

ជនរងគ្រោះទាំង២នាក់ បានធ្វើដំណើរពីក្រុងប៉ោយប៉ែត មកខេត្តប៉ៃលិន រហូតមកដល់ចំណុចកើតហេតុខាងលើ នៅចំណុចផ្លូវកោងខ្លាំងជាប់ព្រំប្រទល់ភូមិដីស្អិតបានជ្រុលទៅបុកបង្គោលចំណាំងផ្លាតបាក់អស់ចំនួន០២បង្គោល និងបុកដើមចាន់គីរីជាប់ប្រឡាយអូរដូនតា ធ្លាក់ចូលក្នុងទឹក។

បច្ចុប្បន្ន៖ ជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកសព ជនរងគ្រោះ និងវត្ថុតាងត្រូវបានប្រគល់ជូនទៅសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ