បន្ទាយមានជ័យ ៖ ពលករខ្មែរសម្រុកពីរប្រទេសថៃរាប់ពាន់នាក់បានមកកកស្ទះនៅផ្សាររោងក្លឿរស្រុកអារញ្ញ័ខេត្តស្រៈកែវ(ថៃ) ឈមនិងច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រៀមចូលមកស្រុកកំណើតរបស់ពួកគាត់វិញ បន្ទាប់ពីរដូវចូលឆ្នាំខ្មែរប្រពៃណីយ៍ជាតិជិតឈានចូលមកដល់។
សេចក្ដីរាយការបញ្ជាក់ថា ៖ នៅរសៀលថ្ងៃអាទិត្យ ៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ នៅមាត់ច្រកខ្លងលឹកស្រុកអារ័ញខេត្តស្រះកែវ(ប្រទេសថៃ) ឈមនិងច្រកទ្វារអន្តជាតិប៉ោយប៉ែត
គេឃើញមានពលករប្រុស ស្រី ខ្លះមានបង្វិចខោ អាវសំពីងសំពោងមានអង្គុយ ខ្លះឈរត្រៀបត្រារាប់ពាន់នាក់រងចាំវាយត្រាពីសមត្ថកិច្ចថៃដើម្បីវិលត្រលប់មកស្រុកកំណើតវិញ។
សេចក្តីរាយការពីសមត្ថកិច្ចបន្តថា ៖ នៅល្ងាចប្រមាណជាម៉ោង៥ថ្ងៃដដែលនេះគេនៅតែឃើញពលករខ្មែរសម្រុកមកជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយ ការវិលត្រលប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននោះមិនអាចវិលចូលមកផ្ទះរបស់ខ្លួនទាន់ពេលនោះទេព្រោះកំណើននៃការវិលត្រលប់របស់ពួកគាត់មានច្រើនកុះករធ្វើឲ្យសមត្ថកិច្ចថៃសម្រួលមិនទាន់ ធ្វើឲ្យពួកគាត់ស្នាក់អាស្រ័យនៅក្នុងទឹកដីថៃបន្ត។
ប្រភពថា ៖ ករណីខាងលើនេះសូមឲ្យមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្រុងប៉ោយប៉ែតក៏ដូចជាខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរថៃដើម្បីសម្រួលឲ្យពួកគាត់ឆាប់បាន ធ្វើដំណើរចេញឲ្យបានលឿនព្រោះថាពលរដ្ឋដែលមកនៅខាងភាគីថៃនៅពេលយប់មិនដឹងស្នាក់អាស្រ័យនៅទីណាព្រោះពួកគាត់អ្នកខ្លះមានកូនតូចៗ ម្យ៉ាងទៀតអាចនិងប្រឈមទៅនិងបញ្ហាសន្តិសុខសុវត្តិភាពកើតឡើងទៅលើពួកគាត់ និងអាចបាត់បង់ប្រាក់កាសដែលជនឆ្លៀតឱកាស់និយមលួចបន្លំមកលើពួកគាត់ដែលស្នាក់អាស្រ័យនៅប្រទេសគេដោយពុំមានការគ្រោងទុក។ ដោយឡែកនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតសេចក្ដីរាយការណ៍បានបន្តថា ក៏មានច្រើនកុះករផងដែរ អ្នកខ្លះក៏រួតរះបានធ្វើដំណើរទៅផ្ទះ អ្នកខ្លះទៀតក៏ខកខានមិនបានធ្វើដំណើរផងដែរ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ