បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ទទួលបានព័ត៌មាន មានករណីឆបោក មួយបានកើតឡើង នៅចំណុចក្រុមទី៤ ភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលាស់ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ១.ឈ្មោះ រឿម តឿយ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិអូរដេការ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និង២.ឈ្មោះ ឡុង សុវ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅភូមិព្រែក២ ឃុំសំរោង ស្រុងភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាទ្រីម សេរីឆ្នាំ២០១៩ (បិទតែម២០២២) ពណ៌ខ្មៅ ផ្លាក់លេខ ភ្នំពេញ 1AJ-2881 បានប្រើល្បិចកលក្លែងថាខ្លួនជាមន្ត្រីសង្គមកិច្ចដែលចូលនិវត្តន៍មកពីខេត្តពោធិ៍សាត់ ដើម្បីប្រមូលប្រជាពលរដ្ឋដែលពិការភាពគ្មានប្រាក់បៀវត្តន៍រួចធ្វើបញ្ជីឈ្មោះស្នើសុំអោយមានប្រាក់បៀវត្តន៍ ដោយអះអាងឡើងឈ្មោះ ទៅមេរបស់ខ្លួនឈ្មោះ អៀម ឈុំ ជាប្រធានមុន្ទីសង្គកិច្ចខេត្តពោធិ៍សាត់ ប៉ុន្តែត្រូវតម្រូវអោយប្រជាពលរដ្ឋបង់ប្រាក់ថ្លៃប្រវត្តិរូបម្នាក់ៗ ចាប់ពី៥០០០០៛ (ប្រាំមុឺនរៀល) ទៅ ១០០,០០០៛ (ដប់ម៉ឺនរៀល) ពេលបានសម្រេចទទួលបានប្រាក់ខែត្រូវបង់ប្រាក់ ១០០,០០០០៛ (មួយលានរៀល) មកអោយពួកគេទាំង០២នាក់ ក្នុងនោះជនសង្ស័យទាំង០២នាក់ខាងលើបានបោកប្រាស់ប្រមូលលុយពីប្រជាពលរដ្ឋសរុបបានចំនួន ០៤នាក់៖
១.ឈ្មោះ បុិប សាវេត ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់រងរបួសជើង) អស់ប្រាក់ចំនួន ១០០,០០០៛ (ដប់ម៉ឺនរៀល) ។
២.ឈ្មោះ ឆោម ម៉ាង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ធ្លាប់មានរបួសត្រូវគ្រាប់) អស់ប្រាក់ចំនួន១០០,០០០៛ (ដប់ម៉ឺនរៀល) ។
៣.ឈ្មោះ តុល ឌុង ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី (ពិការជើងឆ្វេង) អស់ប្រាក់ចំនួន១០០,០០០៛ (ដប់ម៉ឺនរៀល) ។
៤.ឈ្មោះ ណុប មុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫស្សី(ពិការជើងឆ្វេង) អស់ប្រាក់ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ