សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគ្រប់សាលាទាំងអស់ណែនាំសិស្សច្រៀងបទនគររាជដោយផ្ទាល់មាត់ នៅពេលគោរពទង់ជាតិ

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យគ្រប់សាលារៀនទាំងអស់ គួរតែណែនាំសិស្សច្រៀងបទនគររាជដោយផ្ទាល់មាត់នៅពេលគោរពទង់ជាតិ ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «គួរណាស់តែយើងធ្វើនៅគ្រប់សាលារៀនរបស់យើងដោយមិនចាំបាច់ចាក់ភ្លេងនោះទេគឺយើងអាចច្រៀងដោយផ្ទាល់តែម្ដង។ អីចឹងទេបើគ្រប់សាលាទាំងអស់គឺចាប់ផ្ដើមឱ្យកូនសិស្សគោរពទង់ជាតិរួច ហើយច្រៀងផ្ទាល់តែម្ដង»។ ជាមួយគ្នានេះ សម្ដេចតេជោបានណែនាំឱ្យទាហាន ក្នុងពេលប្រជុំជួរក៏ត្រូវច្រៀងគោរពទង់ជាតិនេះដែរ ដើម្បធ្វើការហ្វឹកហាត់ឡើងវិញ ខណៈការច្រៀងបទចម្រៀងនេះគឺជារឿងមួយដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើងគឺមានអត្ថន័យខ្លាំងណាស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ជាអ្នករៀបចំឡើង។

ក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ជំងឺកូវីដ១៩ បានដាស់តឿនស្មារតីយើងឱ្យមានការប្រុងប្រយ័ត្នជានិច្ច ។ សម្តេចតេជោបានថ្លែងបញ្ជាក់ថាំ ជាមួយនឹងការការពារសុខភាពរបស់ប្រជាជនតាមរយៈម្ខាងវិធានការអប់រំ ការពារសុខភាពជាមុន ដែលយើងនិយាយថាការពារប្រសើរជើងព្យាបាល។ ឯម្ខាងទៀតយើងត្រូវពង្រឹងសមត្ថភាពអំពីមូលដ្ឋានសម្ភារ បច្ចេកទេសដើម្បីបម្រើឱ្យការព្យាបាលជំងឺ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «យើងពិតជាមើលឃើញថានៅក្នុងរយៈពេលនៃជំងឺកូវីដ ១៩ នេះ យើងបានឆ្លៀតយកឱកាសនោះដើម្បីពង្រឹងសមត្ថភាពនៅគ្រប់ទីកន្លែងសម្រាប់ការព្យាបាលជំងឺរបស់ប្រជាជន ដូចជានៅមន្ទីរពេទ្យក្រូចឆ្មារនេះ។ នេះជាការបង្ហាញឱ្យឃើញថាយើងបានបង្កើនសមត្ថភាពសម្រាប់ដោះស្រាយបញ្ហាសុខភាព»៕

ប្រភព៖ ក្រសួងព័ត៌មាន