ស្លាប់ ៣នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​សៅរ៍ ១១​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២​និង​១៥​នាទី នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ គីឡូម៉ែត្រ​លេខ​០៦-០៧ ត្រង់​ចំណុច​ភូមិ​ផ្គង់ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣​នាក់​ស្លាប់ នៅ​និង​កន្លែង​កើតហេតុ ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​ម៉ូតូ ០១​គ្រឿង ម៉ាក​HONDA DREAM 125CC ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ 1M-3559 អ្នកបើកបរ​ឈ្មោះ ភ​ន ណា​ក់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ច្រក​បាន​សុខ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេល​មក​ដល់​ត្រង់​ចំណុច​ដូច​ខាងលើ បាន​ទៅ​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង ម៉ាក​HONDA DREAM 125CC ពណ៌​ខ្មៅ ស៊េរី​២០១៩ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1M-1431 អ្នកបើកបរ​ឈ្មោះ ជា ធឺ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​អ្នក​រួម​ដំណើរ​០១​នាក់ ឈ្មោះ ហុង ប៊ុ​ន្ថា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​លាក់​អន្លូង ឃុំ​រលាំ​ចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​តែ​បើកបរ​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​ឈ្មោះ ភ​ន ណា​ក់ ឈ្មោះ ជា ធឺ​ន និង​ឈ្មោះ ហុង ប៊ុ​ន្ថា ស្លាប់​នៅ​និង​កន្លែង​កើតហេតុ ។

ក្រោយ​ពី​កើតហេតុ​សមត្ថកិច្ច​ធ្វើការ​វាស់​រួច សាកសព​ទាំង​បី​នាក់​ខាងលើ បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​វត្ថុ​តាង​ម៉ូតូ ០២​គ្រឿង បាន​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ