បន្ទាប់ពីឡូយនឹងជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងបំពងសម្លេង!! ពេលនេះត្រូវសមត្ថកិច្ចនាំមកអប់រំ

0

ពោធិ៍សាត់ ៖ ក្មេងទំនើងមួយក្រុមមានគ្នា ០៣នាក់ ជិះម៉ូតូកែឆ្នៃខុសបច្ចេកទេស និងបំពាក់ស៊ីម៉ាំងបំពងសម្លេង ត្រូវសមត្ថកិច្ចនគរបាលបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង១៥ និង៣៥នាទី នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រី ប្រាក់ យូស័រ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយទទួលព័ត៌មានពីសកម្មភាពក្មេងទំនើងជិះម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចចំនួន ០៥នាក់ បានចុះបង្ក្រាបក្រុមក្មេងទំនើងខាងលើ ជាលទ្ធផលបង្ក្រាបបានម៉ូតូចំនួន ០២គ្រឿង និងមនុស្សចំនួន ០៣នាក់ ។

លោកអធិការរងបន្តថា ៖ ម៉ូតូទាំង០២គ្រឿងមានម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ សេរី២០១០ និង២០១៤ គ្មានផ្លាកលេខ ។ ចំពោះក្មេងទំនើងទាំង០៣នាក់  ១-ឈ្មោះ ម៉ៅ សុខ ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ នាង ភា ភេទប្រុស អាយុ១៩ឆ្នាំ ៣-ឈ្មោះ ធី ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំងបីរស់នៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នម៉ូតូទាំង០២គ្រឿង កម្លាំងសមត្ថកិច្ចបានឲ្យម្ចាស់ធ្វើការដោះដូរបំពង់ស៊ីម៉ាំងដើមវិញ រីឯក្មេងទំនើងទាំង០៣នាក់ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំនៅប៉ុស្តិ៍ និងឲ្យអាណាព្យាបាលធានាយកទៅអប់រំនៅផ្ទះបន្ត ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ