ប្រមុខរាជរដ្ឋាភិបាលអំពាវនាវដល់អ្នកដាក់លុយក្នុងធនាគារសូមកុំគិតជ្រុលរហូតនាំគ្នាទៅដកលុយពីធនាគារ ខណៈក្រោយការព្រមានពីបញ្ហាសេដ្ឋកិច្ចសកល

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់អ្នកដែលបានដាក់លុយក្នុងធនាគារសូមកុំគិតជ្រុលរហូតនាំគ្នាសម្រុកទៅយកលុយពីធនាគារ ខណៈក្រោយមានការព្រមានថាសេដ្ឋកិច្ចជួបបញ្ហា។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅស្ថានជាតិពាណិជ្ជសាស្ត្រ(NIB) ជាង ៦ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឥឡូវបញ្ហាសេដ្ឋកិច្ចបានកំ ពុងប្រកាសអាសន្នហើយ ដែលការប្រកាសអាសន្ននេះ យើងមិនគួរគិតហួសជ្រុលនាំគ្នាទៅដកលុយពីធនាគារនោះទេ។ សម្តេចតេជោបានលើកឡើងថា បញ្ហាសេដ្ឋកិច្ចនេះក៏មានការព្រមានរបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ(IMF) និងធនាគារពិភពលោក អំពីការនិភ័យ នៃការ ធ្លាក់ចុះសេដ្ឋកិច្ចសកល។ សម្តេចតេជោបានថ្លែងថា៖ «ម្តងហើយម្តងទៀត ខ្ញុំគិតថាការព្រមាននេះពិតជាត្រឹមត្រូវហើយ ក៏ប៉ុន្តែការព្រមាននេះក៏ក្លាយជាចិត្តសាស្ត្រមួយដែរ សម្រាប់ប្រទេស ជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែល ទៅដកលុយ»។

ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ធនាគារអាម៉េរិកដែលរលំមួយចំនួន ហើយមួយចំនួនទៀត គឺហាក់ដូចជាមានសញ្ញាប្រជាពលរដ្ឋទៅដកលុយចេញ ដែលការដកលុយចេញនេះនឹងធ្វើឱ្យធនាគារដួលរលំ។ ទន្ទឹមនេះ មនុស្សចំនួនខ្លាចគេដកលុយហើយខ្លួនដកលុយមិនបាន ក៏នាំគ្នាទៅខំដកលុយ។

សម្តេចតេជោបានអះអាងថា កម្ពុជាមិនទាន់ដល់កម្រិតនោះទេ បើទោះបីមានព្រមានអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក៏ដោយចុះ ប៉ុន្តែសម្ដេចសង្ឃឹមថាពិភពលោកនឹងរកដំណោះស្រាយដើម្បីទប់ស្កាត់កុំមានការធ្លាក់ចុះបញ្ហាសេដ្ឋកិច្ចបន្ថែមទៀត។

សម្តេចតេជោបានលើកឡើងថា បញ្ហាឆ្លងជំងឺជារឿងមួយ ប៉ុន្តែរឿងទណ្ឌកម្មជាឯកក្តោភាគី ពាក់ព័ន្ធនឹងសង្គ្រាម ដែលចាប់ផ្តើមពីរុស្ស៊ី និងអ៊ុយក្រែន គឺបានបង្កើតបញ្ហាដ៏អាក្រក់មួយ សម្រាប់សេដ្ឋកិច្ចសកល។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកពីបញ្ហាតម្លៃប្រេងនៅសកលលោក ឡើងថ្លៃដែលករណីនេះកើតចេញពីសង្គ្រាមរុស្ស៊ី អ៊ុយក្រែនផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន