សៀមរាប៖ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប មានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលបាក់របាកាត់ទទឹងថ្នល់ ការតុបតែងមួយចំនួនក្នុងក្រុងសៀមរាប។
លោកបានបញ្ជាក់ថា ករណីរលំបាក់របាកាត់ទទឹងផ្លូវជាតិ៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម បានបណ្តាលឱ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ ផេង ចន្ធូ ភេទប្រុស មុខរបរអាជីវករផ្សារលើ និង០១នាក់ទៀតរបួសធ្ងន់ ឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ ជាមួយគ្នានេះ ដួលរលំការតុបតែងលើស្ពានព្រះរាជដំណាក់ សង្កត់លើរថយន្ត០១គ្រឿង តែមិនបណ្តាលឱ្យខូចខាតរថយន្ត និងរបួសអ្នកដំណើរនោះទេ និងដួលតូបត្រៀមតាំងពិព័រណ៍នៅសួនច្បារហាត់ប្រាណមាត់ស្ទឹង ។ ជាមួយគ្នានេះ ក៏មានករណីរបើកដំបូលផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនផងដែរ។ ដោយសម្រាប់ឡែក បណ្តាស្រុកផ្សេងៗសម្រាប់ព័ត៌មានបឋមនៅល្ងាចថ្ងៃទី២៩ ខែមីនានេះ គឺមិនមានករណីរងគ្រោះអ្វីធំដុំនោះទេ ប៉ុន្តែយើងរងចាំតាមដានបន្តទៀត។
លោកនាយករដ្ឋបាលសាលាខេត្ដក៏បានបន្ថែមថា ភ្លាមៗ នេះដែរ គណៈបញ្ជាការឯកភាពខេត្ត និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានចាត់កម្លាំងចុះកាត់ រុះរើជាបន្ទាន់ ទាំងយប់ដើម្បីបញ្ចៀសការកកស្ទះចរាចរ។ រដ្ឋបាលខេត្ត សូមសម្ដែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ និងសូមថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច យុវជន និងប្រជាពលរដ្ឋ ដែលបានចូលរួមរុះរើនេះ ដើម្បីឱ្យឆាប់ធ្វើចរាចរឡើងវិញទាំងយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានជា៣ថ្ងៃកន្លងមកនេះ ខេត្តសៀមរាបមានអាកាសធាតុក្កៅខ្លាំង ហើយបន្ទាប់ពីក្តៅខ្លាំងប្រែមកជាមានភ្លៀង ផ្គររន្ទះ និងខ្យល់ព្យុះ(ខ្យល់កន្ត្រាក់)ដែលឧបទ្ទវហេតុនៃគ្រោះធម្មជាតិនេះ បណ្តាលខូចខាតរហូតដល់បាត់បង់អាយុជីវិតមនុស្សផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន