ខេត្តបន្ទាយមានជ័យសម្រេចការតបណ្តាញអគ្គិសនីជូនប្រជាជនជិត១០០ភាគរយហើយ

0

ភ្នំពេញ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ សម្រេចការតបណ្តាញអគ្គិសនី ជូនប្រជាជនប្រមាណ៩៩ភាគរយ ខណៈដែលនៅសល់តែ៦ភូមិទៀតប៉ុណ្ណោះដែលមិនទាន់មានបណ្តាញទៅដល់។. ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក(២០១៨-២០២២) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា គ្រួសារប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យមានចំនួន៩៩ភាគរយ មានអគ្គិសនីប្រើប្រាស់ ខណៈដែលនៅសល់តែមួយភាគរយប៉ុណ្ណោះដែលមិនទាន់តបណ្តាញទៅដល់ គឺស្ថិតនៅក្នុងស្រុកម៉ាឡៃដែលមានចំនួន៦ភូមិ។ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ មានតម្រូវ ការប្រើប្រាស់ក្នុងខេត្តសរុប១១០ មេកាវ៉ាត់ ខណៈដែលខេត្តបានទទួលការផ្គត់ផ្គង់ថាមពលពីខ្សែបញ្ជូនជាតិ១១៥គីឡូវ៉ុល ពីប្រទេសថៃ២៣០ គីឡូវ៉ុល ហើយមានប្រភពថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលមានអានុភាព ៣០មេហ្កាវ៉ាត់។ បន្ថែមពីនោះ ខេត្តមានសេវាករចែកចាយអគ្គិសនីសរុបចំនួន២៦អាជ្ញាប័ណ្ណ ។

ឯកឧត្តម បានបញ្ជាក់ថា ខេត្តកំពុងធ្វើការពង្រីកការតភ្ជាប់បណ្ដាញអគ្គិសនីបន្ថែមទៀតដល់មូលដ្ឋានភូមិ ឃុំ ពិសេសនៅតំបន់ ជនបទ ដាច់ស្រយោលដែលមិន ទាន់មានបណ្តាញអគ្គិសនីទៅដល់ ។ « សម្រាប់អគ្គិសនី រហូត ដល់ម៉ោងនេះយើងមាន៦៥៨ភូមិដែលខ្ញុំបញ្ជាក់ជូន អគ្គិសនីនៅសល់តែ៦ភូមិគត់ ភូមិដាច់ស្រយោលមែនទែនដែលមិនទាន់មានអគ្គិសនីប្រើប្រាស់។ ហើយនៅទីនេះ មានលោកប្រធានមន្ទីររ៉ែនិងថាមពល បានកំពុងតែធ្វើការជាមួយនឹងអ្នកវិនិយោគ ដែលហៅថាសេវាករធ្វើម៉េចជំរុញឱ្យបានក្នុងប៉ុន្មានឆ្នាំនេះ ជាពិសេសប្រឹង ប្រែងក្នុងឆ្នាំ២០២៣នេះឱ្យបាន៦ ភូមិដែលនៅសល់ ឱ្យបានអូសខ្សែទៅដល់។ សូមបញ្ជាក់ថា ៦ភូមិនេះគឺស្ថិតក្នុងស្រុកម៉ាឡៃតែមួយនោះទេ ឥតមាននៅស្រុកណាទេ ក្រៅពី នោះយើងមានអគ្គិសនីប្រើប្រាស់ទាំងអស់ហើយ »។

ចំពោះវិស័យទឹកស្អាតវិញ ឯកឧត្តម បានឱ្យដឹងដែរថា ចំពោះសេវាករទឹកស្អាតរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ អនុវត្តការងារផ្គត់ផ្គង់ ទឹកស្អាតដល់ក្រុង ស្រុក ស្មើនឹង៦១/៦៥ឃុំ សង្កាត់ ស្មើនឹង៦៤១/៦៥៩ភូមិ ដែលជាដែនសេវាកម្មអាជ្ញាប័ណ្ណ របស់ អង្គភាពដែលមានប្រជាជនទទួលបានសេវាទឹកស្អាតបាន៧៦ភាគ រយ។ ចំពោះអត្រាគ្របដណ្ដប់អនាម័យទូទាំងខេត្តគិតត្រឹមឆ្នាំ ២០២២បាន៨៩ភាគរយ ក្នុងនោះបានប្រកាសភូមិឃុំ បញ្ចប់ការបន្ទោបង់ពាស វាលពាសកាលចំនួន១០៣ភូមិ ស្មើនឹង៣ឃុំ។

សូមបញ្ជាក់ថា ខេត្តបន្ទាយមាន ជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង២៥ទូទាំងប្រទេស ដែលមានចម្ងាយ ៣៦០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ខេត្តមានផ្ទៃដីសរុប ៦.៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជាក្រុង២ ស្រុក៧ ឃុំ៥៥ សង្កាត់១២ ចំនួនភូមិផ្លូវការ៦៥៨ភូមិ មានចំនួនគ្រួសារ ១៩៨.៩២៦គ្រួសារ ចំនួនមនុស្សរាយ ៨០០.១៨៨នាក់ ក្នុងនោះស្រី ៤០៥.៣២៤នាក់ ជនជាតិខ្មែរឥស្លាម ចំនួន ៥៦.៨៥៦នាក់ មុខរបរសំខាន់របស់ប្រជាពលរដ្ឋ ៨៥% ជាកសិករ ១០%ជាអាជីវករ និងពាណិជ្ជករ និង៥% ប្រកបរមុខ របរផ្សេងៗ៕

ប្រភព៖ ក្រសួងព័ត៌មាន