បាត់ដំបង ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៨និង០០នាទី នៅចំណុចក្រុមទី០១ ភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានទទួលបានពាក្យបណ្ដឹង មានករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ) ពីជនរងគ្រោះឈ្មោះ ឡុច ធា ភេទស្រី អាយុ ៥១ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្រោយទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលផ្នែកជំនាញស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅលូន ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅកំណត់មុខសញ្ញា បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ តួត ចាន់ធិ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិទឹកផុស ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង ម៉ាក់វ៉េវអ៊ី ១១០ ពណ៌ក្រហម ខ្មៅ គ្មានស្លាកលេខ លេខតួរម៉ាស៊ីន JAI4E-4127470 សេរីឆ្នាំ២០១៩។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកសំពៅលូន បានរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យម្នាក់ មកផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ