បាត់ដំបង ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទី នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីឃាតកម្មមិនបានសំរេច (ប្រើកាំបិតប្រឡាយតាត់) កើតឡើង០១លើក ដែលបង្កឡើងដោយជនសង្ស័យម្នាក់។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមទាំងយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាល ដែលមានលោកវរសេនីយ៍ឯក ឡុង យោធាវីរ: ជាអធិការនគរបាលស្រុកឯកភ្នំ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆាន ឆើត ហៅ ឆាត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពប្រើប្រាស់កាំបិតប្រឡាយតាត់ កាប់ហើយកាប់ទៀត លើជនរងគ្រោះម្នាក់ឈ្មោះ ផា ផុន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្ដាលឲ្យរបួសធ្ងន់ ចំលើករខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្ររ ជម្រៅ២.៥០សង់ទីម៉ែត្រ និងកដៃខាងឆ្វេងប្រវែង ១០សង់ទីម៉ែត្រ ជម្រៅ០.៣០សង់ទីម៉ែត្រ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសំរាកនៅមន្ទីពេទ្យពពីរ ខេត្តបាត់ដំបង។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើការសាកសួរចំពោះមូលហេតុ នៃករណីឃាតកម្មនេះ ដែលតាមចម្លើយជាបឋមជនសង័្សយបានឆ្លើយថា មូលហេតុដែលខ្លួនប្រព្រឹត្តិបែបនេះ ក្នុងគោលបំណងចង់អោយជនរងគ្រោះស្លាប់តែមិនបានសំរេច។ នាពេលនេះ សមត្ថកិច្ចនគរបាលជំនាញកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ