បង្ក្រាប់ជនសង្ស័យ ៥នាក់ ក្រោយធ្វើសកម្មភាពកាប់ទៅលើយុវជនម្នាក់

0

បាត់ដំបង ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣  វេលាម៉ោងប្រហែល២២និង៤០នាទី ត្រង់ចំណុចក្រុមទី១ ភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតផ្គាក់កាប់) កើតឡើង ១លើក ដែលបង្កឡើងដោយជនសង្ស័យចំនួន ៥នាក់។ សមត្ថកិច្ចនគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ បានចុះបង្ក្រាបជនសង្ស័យចំនួន ៥នាក់ ទី១.ឈ្មោះ លន់ ចំរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ ទី២.ឈ្មោះ ជួង មេសា ភេទប្រុស អាយុ ១៦ឆ្នាំ ទី៣.ឈ្មោះ ភឿន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ ទី៤.ឈ្មោះ វ៉ន ឆវ័ន្ត ភេទប្រុស អាយុ ១៥ឆ្នាំ និងទី៥.ឈ្មោះ គឹម សុភក្រ័ ភេទប្រុស អាយុ ១៥ឆ្នាំ បានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ វុធ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលអោយរបួសធ្ងង់ត្រង់គល់កខាងឆ្វេង និងថ្ពាល់ខាងឆ្វេង។

បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកសំឡូត និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកឧត្តមសេនីយ៍ត្រី​  លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការឃាត់ខ្លួនជនសង័្សយខាងលើ និងដកហូតបានកាំបិតផ្គាក់កាប់ចំនួន ១ជាវត្ថុតាង។​ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់បានសារភាពថា​ មូលហេតុនៃអំពើហិង្សារហូតឈានដល់ការប្រើកាំបិតផ្គាក់ទៅលើជនរងគ្រោះនេះគឺបណ្តាលមកពីមានទំនាស់ពាក្យសំដីចំពោះគ្នាទៅវិញទៅមក។

ករណីនេះ ជនសង្ស័យទាំង៥នាក់ខាងលើត្រូវបាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ