ចាប់បានជនសង្ស័យ​០២​នាក់ ជា​ឃាតករ​កាប់សម្លាប់​មិត្ត​ភ័​ក្រ​របស់​ខ្លួនឯង

0

ភ្នំពេញ​៖ ជនសង្ស័យ​០២​នាក់ ជា​ឃាតករ​កាប់សម្លាប់​មិត្ត​ភ័​ក្រ​របស់​ខ្លួន ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បាន នៅ​វេលា​ម៉ោង​១៥​និង​១៥​នាទី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មាន​ជ័យ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ផ្ទាល់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គ​ស្នង ការ​នគរបាល​ជាតិ និង​បញ្ជា​ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ យ៉ាង​យកចិត្តទុកដាក់ ។ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន អនុប្រធាន​នាយក ដ្ឋា​ន​នគ​បាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង​លោក វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាននគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ សហការ​ជាមួយ​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​អធិការដ្ឋាន​គ​របាល​ស្រុក​ប​សេដ្ឋ បាន​ធ្វើ ការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​និង​ឃាត់ខ្លួន​បាន​សម្រេច​។

គួរ​រំលឹក​ផង​ដែរ នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២០ និង​៣០​នាទី នៅ​ចំណុច​ភូមិ​ចាស់ ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ជនសង្ស័យ​ចំនួន ០២​នាក់ បាន​ធ្វើ​សកម្មភាព​កាប់សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ភឿន សៅ​រឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។ ជនសង្ស័យ​ចំនួន ០២​នាក់ នោះ​បាន​ធ្វើ​សកម្មភាព យក​កាំបិត​កាប់​ទៅ លើ​ជន​រង​គ្រោះជា​ច្រើន​កន្លែង ត្រង់​ក្បាល ក និង​ដៃ ។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ទាំង​០២​នាក់ បាន​រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។

លុះ​មក​ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​អធិការ​រ​ដ្ឋា​ន​នគរបាល ស្រុក​ប​សេដ្ឋ បាន​ធ្វើការ​ឃាត់ខ្លួន​ជនល្មើស​ចំនួន 0២​នាក់ រួម​មានឈ្មោះ​÷
១.​ឈ្មោះ យ៉ា សុ​ជាតិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាស់ ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
២.​ឈ្មោះ អៀម សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ចាស់ ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​កំលាំង​នាយកដ្ឋាន​យើង​កំពុង​បន្ត​ស្វែងរក​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ផា​និ​ន ហៅ​អា​ត្នោត ភេទ​ប្រុស ដើម្បី​នាំ​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ចាត់ការ​បន្ត​តាម​នីតិវិធី៕