បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលកំពុងបំពេញទស្សនកិច្ចនៅវិមានក្រឹមឡាំង បានចាប់ផ្តើមកិច្ចពិភាក្សារបស់ពួកគេនៅក្នុងវិមានក្រឹមឡាំង។
គណៈប្រតិភូរុស្ស៊ីរួមមានអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ ជំនួយការប្រធានាធិបតី លោក ម៉ាស៊ីម អូរេសស្គីន និងលោក យូរី អ៊ូសាកូវ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន លោក អ៊ីហ្គោរ ម៉ូរហ្គូឡូវ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ែរហ្គេយ សូហ្គូ ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោក អ៊ែលវីរ៉ា ណាប៊ូលីណា នាយកសេវាសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស លោក ឌីមីទ្រី ស៊ូហ្កាយ៉េវ និងនាយកប្រតិបត្តិកម្មវិធី Roscosmos លោក យូរី បូរីសូវ ។
កិច្ចពិភាក្សានោះបានបន្តដោយកិច្ចប្រជុំក្នុងទម្រង់បន្ថែម និងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន។ កម្មវិធីនោះបានបញ្ចប់ដោយការពិសារអាហារពេលល្ងាចនៅវិមានក្រឹមឡាំង។
នៅព្រឹកថ្ងៃដដែលនោះ លោក ស៊ី បានជួបជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីឃែល មីស៊ូស្ទីន។ មេដឹកនាំចិនរូបនេះបានអញ្ជើញនាយករដ្ឋមន្ត្រីរុស្ស៊ីទៅទស្សនកិច្ចនៅប្រទេសចិន។ យោងតាមលោក ស៊ី បានឱ្យដឹងថា វាជាការចាំបាច់ណាស់ក្នុងការបន្តយន្តការនៃកិច្ចប្រជុំទៀងទាត់រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយលោក មីស៊ូស្ទីន បានទទួលយកការអញ្ជើញនោះ។
លោក ស៊ី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ដោយកាលពីថ្ងៃច័ន្ទ លោកបានជួបពិភាក្សាក្រៅផ្លូវការមួយជាមួយលោក ពូទីន ដែលមានរយៈពេល ៤ម៉ោងកន្លះ៕
ប្រភព៖ ក្រសួងព័ត៌មាន