ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ

0

កណ្ដាល​៖ នៅ​ថ្ងៃ​ចន្ទ ១៤​រោច ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៣​នឹង​០០​នាទី នៅ​ចំណុច​មុខ​ផ្ទះ​ជន​រង​គ្រោះ ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្ដាល​។
ជន​រង​គ្រោះ​មាន​ឈ្មោះ ពៅ ពិសី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់ដូរ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ពាម ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​។ ដោយឡែកជនសង្ស័យ​០៣​នាក់ មានឈ្មោះ បូរ សុខ​ហេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ ព្រែក​តា​រ័​ត្ន សង្កាត់ ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ (​ឃាត់ខ្លួន​) និងជនសង្ស័យ​ចំនួន​០២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។

វត្ថុ​តាង​ចាប់​យកបានរួមមាន​កូនសោរ​ចាក់​ម៉ូតូ​ចំនួន​០៣​ (​របស់​ជនសង្ស័យ​) ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​1GZ-0926​ចំនួន ០១​គ្រឿង​ (​របស់​ជន​រង​គ្រោះ​)។

នៅ​អំឡុង​ខែ​កុ​ម្ភះ ឆ្នាំ​២០២៣ ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង បាន​ស្គាល់​សង្ស័យ​ឈ្មោះ រ័​ត្ន ភេទ​ប្រុស តែ​មិន​ស្គាល់​ពី​លំនៅ ហើយ​ធ្លាប់​ជូន​ឈ្មោះ រ័​ត្ន ទៅ​ម្ដុំ​ផ្សារ​ចាស់ ដោយ​ឈ្មោះ រ័​ត្ន ជា​មនុស្ស​ដើរ​ជាមួយនឹង​ក្រុម​ភេទ​ទី​៣ ហើយ​ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង ក៏​បាន​រាប់អាន​គ្នា​ជាមួយនឹង​ជនសង្ស័យ​ឈ្មោះ រ័​ត្ន ចាប់ពី​ពេល​នោះ​មក ក្រោយ​ពី​មានការ​រាប់អាន​គ្នា ឈ្មោះ រ័​ត្ន តែងតែ​បបួល​ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង ដើរ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ តែ​ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង មិន​បាន​ទៅ​ជាមួយ​ទេ​។

លុះ​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​នឹង​៣០​នាទី ជនសង្ស័យ​ឈ្មោះ រ័​ត្ន បាន​បបួល ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង ដើរ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ ហើយ​ឈ្មោះ រ័​ត្ន បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក ស្កុប​ពី ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៤ ឌុ​ប​ឈ្មោះ បូរ សុខ​ហេង ចេញពីផ្ទះ​ជួល​នៅ​ម្ដុំ​ផ្សារ​ចាស់ ពេល​មក​ដល់​មុខ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ជនសង្ស័យ​ឈ្មោះ រ័​ត្ន បាន​ទូរស័ព្ទ​ហៅ​បក្សពួក​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ម៉ាក់​ស្កុប​ពី ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០២១ ដើម្បី​ដើរ​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​។ បន្ទាប់​មក​ជនសង្ស័យ​ទាំង​០៣​នាក់ ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ រហូត​មក​ដល់​ផ្លូវ​កៅស៊ូ​លេខ​២៦១ ស្ថិត​ក្នុង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ពេល​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៍បាន​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទុក​នៅ​មុខ​ផ្ទះ ស្ងាត់ ឃើញ​ដូច្នេះ​ជនសង្ស័យ​ឈ្មោះ​រ័​ត្ន​បាន​ឲ្យ​សោរ​ម៉ូតូ​ចំនួន​០៣​គ្រាប់ ទៅ​ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង ទៅ​កាច់ក​ម៉ូតូ​របស់​ជន​រង​គ្រោះ ដោយ​ជនសង្ស័យ​ពីរ​នាក់​ទៀត​ជិះ​ទៅ​ឈប់​ចាំ​នៅ​ខាង​មុខ ហើយ​ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង ក៍​ចូល​ទៅ​កាច់ក​ម៉ូតូ​របស់​ជន​រង​គ្រោះ ដេរ​បញ្ឆេះ ភ្លាម​នោះ​ជន​រង​គ្រោះ​ឮ​សំឡេង​បញ្ឆេះ​ម៉ូតូ ក៍​ចេញ​មក​មើលឃើញ​ជនសង្ស័យ​កំពុង​ឡើង​ជិះ​មូ​តូ​ក៍រ​ត់ទៅ​ចាប់​ទាញ​កន្ទុយ​ម៉ូតូ ហើយ​ស្រែក​អោយ​គេ​ជួយ ឮ​ដូច្នេះ​អ្នក​ក្បែរ​ខាង​មក​ជួយ ហើយ​ចាប់​បាន​ជនសង្ស័យ​ឈ្មោះ បូរ សុខ​ហេង ចំណែក​ជនសង្ស័យ​ពីរ​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​តេ​ទូរស័ព្ទ​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សំបួរមាស​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​នឹង​បក្សពួក​ចំនួន​ពីរ​នាក់​ទៀត ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉​តូ​របស់​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​។ ករណី​នេះ​ជំនាញ​នឹង​ប៉ុស្តិ៍​កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ