បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ជនសង្ស័យជាជនជាតិថៃចំនួន៤នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីរំលោភសេពសន្ទវៈទៅលើនារីជនរងគ្រោះជាជនជាតិថៃដូចគ្នា។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ឱ្យដឹងថា ៖ នៅវេលាម៉ោង១និង៣៩នាទី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ០៤នាក់ ករណីរំលោភសេពសន្ទវៈ (ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តកាលវេលាម៉ោង០១និង០០នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ យោងតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ អាយុ១៧ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅបណ្ដោះអាសន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងទៀតថា ៖ ជនសង្ស័យទាំង៤នាក់ ១.ឈ្មោះ ភីឡាផុន ឃុនដែងឌី(ម៉ៃ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ២.ឈ្មោះ ផានុផុង អ៉ីណក(អាម) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ។ ៣.ឈ្មោះ វ័រឡាវុធ កិណតាន់(អូដ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ។ ៤.ឈ្មោះ អាក់មនថេត ប៊ូឡាក់ថេត(អើត) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ ។ ជនសង្ស័យទាំង៤នាក់ ស្នាក់នៅបណ្ដោះអាសន្ន ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីនារីរងគ្រោះ កម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ៤នាក់ នៅចំណុចបន្ទប់ស្នាក់នៅ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។ ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យទាំង៤នាក់ បានឆ្លើយថា ពួកខ្លួនពិតជាបានរំលោភសេពសន្ទវៈលើនារីរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាព ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ចូនមកកាន់កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ