ជនជាតិវៀតណាម្នាក់ និងគ្រឿងញៀន ១៦ដុំ ត្រូវបញ្ជូនទៅសាលាដំបូង

0

ស្វាយរៀង ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យឈ្មោះ ង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀន (ម្សៅកេតាមីន) ចំនួន ១៦ដុំ សរុបទម្ងន់១៦,២៣៨ក្រាម គឹតទាំងសំបកវេចខ្ចប់ (ដែលជនសង្ស័យដាក់ចូលក្នុងស្រោមសំបុត្រពណ៌ខៀវ និងដុំសំឡីពណ៌ស) ទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ ។

សូមរំលឹកថា ជនសង្ស័យរួមជាមួយវត្ថុតាង ដែលបំរុងនាំឆ្លងដែនទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ពេជ្រ វីរៈ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ច្រកទ្វាអន្តរជាតិព្រៃវល្លិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បើកប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១២ ខែមីនា ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចេញដីកាឃុំខ្លួនរួចហើយ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ