ស្លាប់ភ្លាមនៅនឹងកន្លែង ក្រោយជួបរឿងមួយនេះ

0

កំពង់ស្ពឺ ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកម៉ូតូបញ្រ្ចាសទិសគ្នា នៅចំណុចផ្លូវក្រាលកៅស៊ូ ភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ៖ មុនពេលកើតហេតុមានរថយន្ត ០១គ្រឿង មិនស្គាល់អត្តសញ្ញាណ បើកមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកហុងដាC១២៥ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ស្ពឺ1U-7796 បើកបរដោយឈ្មោះ ជួ ប៊ុនឡេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅច្បារអំពៅ រាជធានីភ្នំពេញ ដែលកំពុងបើកមកបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ ។ 

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែងរួច សាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តបានបើករត់គេចខ្លួនក្រោយពេលកើតហេតុ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។

ចំពោះវត្ថុតាងម៉ូតូខាងលើ ផ្នែកជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីចាត់ការតាមនីតីវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ