បាត់ដំបង៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១និង២០នាទី ត្រង់ចំណុចក្រុមទី២១ ភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង នគរបាលស្រុកសំពៅលូនបានទទួលបានពាក្យបណ្ដឹង មានករណីកំហែងយកទ្រព្យសម្បត្តិអ្នកដទៃ (ប្រាក់ និងខ្សែកផ្លាកទីន) របស់ជនរងគ្រោះម្នាក់ឈ្មោះ ឆេន មុំ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិអូរគ្រួស ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ ភេទប្រុស ពាក់មួកឃ្លុំក្បាល ឃើញតែប្រឡោះភ្នែក និងប្រើស្រោមដៃ បានធ្វើសកម្មភាពឡើងចូលទៅក្នុងផ្ទះជនរងគ្រោះ នៅចំណុចកើតហេតុខាងលើ បានចាប់ចង ជនរងគ្រោះដៃព័ទ្ធមកក្រោយ យកអាវចងបិតមុខ និងភ្នែកជនរងគ្រោះជិត យកស្រោមជើងញុកមាត់ជនរងគ្រោះ ព្រមទាំងយកកូនកាំបិតចិតបន្លែ អារករបួសសើរស្បែក និងគំរាមសម្លាប់ជនរងគ្រោះ យកប្រាក់អស់ចំនួន ២.៧០០.០០០រៀល (ពីរលានចិត្តសិបម៉ឺនរៀល) និងខ្សែកផ្លាកទីនចំនួន ០១ខ្សែ មានតម្លៃ ១០.៧០០បាត (មួយម៉ឺនប្រាំពីររយបាត)។
ក្រោយពេលធ្វើសកម្មភាពយកបានប្រាក់ និងរបស់របរ ជនសង្ស័យ ក៏បានយកដៃវាយជនរងគ្រោះចំនួន ០១ដៃ បន្ថែមចំក្បាល បណ្តាឲ្យសន្លប់ ហើយបានគេចខ្លួនបាត់ ជនរងគ្រោះរងរបួសក និងកដៃទាំងសងខាង (ស្រាល)។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះ និងដោយអនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានកំពុងចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនសង្ស័យ ដើម្បីឈានដល់ការចាប់ខ្លួន យកជនសង្ស័យមកអនុវត្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ