ភ្នំពេញ ៖ យានដ្ឋានជួសជុលរថយន្ត មួយកន្លែង យីហោ លី ឆាយ ៦៩៦ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ភ្លាមៗ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចយានដ្ឋានជួសជុលរថយន្ត តាមបណ្តោយផ្លូវហាណូយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងនោះបានបំផ្លាញរថយន្តអស់ចំនួន៣គ្រឿង និងបានឆេះរាលដាលដល់រថយន្ត៤គ្រឿងផ្សេងទៀត។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើង បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យចំនួន ១០គ្រឿង ក្នុងនោះ បានប្រើប្រាស់ទឹកអស់ ០៩ឡាន ស្មើរនឹង ៣៦ម៉ែត្រគូប និងរថយន្តជំនួយមកពីផ្សារទំនើបអូឡាំព្យា ចំនួន ០២គ្រឿង មិនបានប្រើប្រាស់ទឺក។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបន្តថា ចំពោះករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៤និង៣០នាទីល្ងាចនាថ្ងៃដដែរ។ ដោយក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសរងរបួសស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ។
លោក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងភ្លើងចេញពីក្បាលអាគុយរថយន្ត រឺយានដ្ឋានជួសជុលរថយន្តនេះ គឺជាភេទសំណង់ ដែកប្រក់សង្ក័សី ដែលមានទំហំ ១៥ម៉ែត្រ គុណនឹង ៣០ម៉ែត្រ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ