ពោធិ៍សាត់៖ ជនសង្ស័យ០១នាក់ ត្រូវសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម លួចម៉ូតូ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ដោយមានការស្នើសុំកម្លាំងសហការពីអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសចោរកម្ម លួចម៉ូតូ កម្លាំងផ្នែកនគរបាលយុត្តិធម៌ចំនួន០៣នាក់ បានសហការជាមួយកម្លាំងអន្តរាគមន៍នគរបាលក្រុងពោធិ៍សាត់ ធ្វើការឃាត់ខ្លួនមុខសញ្ញាចោរកម្ម លួចម៉ូតូ បានចំនួន០១នាក់ នៅចំណុចទីតាំងសត្តឃាត ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង១៥និង០៥នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ។
លោកអធិការរង បានបន្តថា ជនសង្ស័យឈ្មោះ កង ចេក ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូចំនួន០១គ្រឿង ម៉ាកសង់ឌ្រីម សេរីឆ្នាំ២០១២ ពណ៌ទឹកសមុទ្រ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកវាលវែង ប្រគល់ជូន ជំនាញអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការ អនុវត្តនីតិវិធីបន្ត ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ