ស្លាប់ម្នាក់ របួសធ្ងន់ ២នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ

0

ពោធិ៍សាត់​៖ យ៉ាង​ហោច​ណា​ស់មានជន​រង​គ្រោះ​០១​នាក់ ស្លាប់ និង​០២​នាក់​ទៀត​រង​របួសធ្ងន់ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​តូ​យូ​តា ហា​យ​ឡិន​ដឺ បុក​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម កើតឡើង​នៅ​ចំណុច​ខាងលើ​អាង​បង្ហារទឹក​រលាប​ប្រហែល​១០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​នៅ​ភូមិ​រលាប សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពី​វេលា​ម៉ោង​២១​នឹង ៣០​នាទី​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៣ ។

ប្រភព​ព័ត៌មាន នៅ​កន្លែង​កើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន រថយន្ត​ម៉ាក​តូ​យូ​តា ហា​យ​ឡិន​ដឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-8135 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​កន្លែង​កើតហេតុ បាន​បើកបរ​មិន​ប្រកាន់​ស្តាំ បណ្តាល​អោយ​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2IP-2818 ធ្វើ​ដំណើរ​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង​ច្រាសទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​អ្នក​រួម​ដំណើរ​ពីរ​នាក់ រង​របួសធ្ងន់ ។

លោក​វរសេនីយ៍ទោ សុខ មេ​សា អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​បញ្ជាក់ ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​ករណី គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មានការ​កកស្ទះ និង​សង្គ្រោះ​ជន​រង​គ្រោះ ។ លោក​អធិការរង បន្ត​ថា​មូលហេតុ ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បណ្តាល​មក​ពី​កត្តា​បើកបរ​មិន​ប្រកាន់​ស្តាំ​ជន​រង​គ្រោះ​ទាំង​០៣​នាក់ ទី​១​ឈ្មោះ សុខ មាន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ព្រែក​ត្នោត សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជា​អ្នកបើកបរ​ម៉ូតូ មិន​ពាក់មួក​សុវត្ថិភាព បាន​ស្លាប់​នៅ​និង​កន្លែង​កើតហេតុ ទី​២​ឈ្មោះ ហេង សុ​ហ្វា​នាថ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ជា​អ្នក​រួម​ដំណើរ មិន​ពាក់មួក​សុវត្ថិភាព រង​របួសធ្ងន់​និង​ទី​៣​ឈ្មោះ ជឿន វិចិត្រ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ជា​អ្នក​រួម​ដំណើរ មិន​ពាក់មួក​សុវត្ថិភាព រង​របួសធ្ងន់ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ចំពោះ​អ្នកបើកបរ​មានឈ្មោះ ម៉ៅ ច​ន្ធូ​ដា​រ៉ា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មុខរបរ​មេព្រៃ មាន​ទីលំនៅ​ភូមិ​ប៉ែន ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ មិន​មាន​រង​របួស​ទេ ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​សមត្ថកិច្ច​ប្រគល់​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួសធ្ងន់ សមត្ថកិច្ច​បាន​បញ្ជូន​ទៅ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ចំណែក​វត្ថុ​តាង​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ជា​បណ្តោះអាសន្ន ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ