ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ Scoopy

0

ពោធិ៍សាត់​៖ មុខសញ្ញា​លួច​សកម្ម​០១​នាក់ ត្រូវ​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ចាប់​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង ពី​ក្នុង​របង​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​នៅ​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ម៉ូតូ​ដែល​បាត់​មាន​ម៉ាក​ហុងដា ស្គុ​ប​ពី ពណ៌​ខ្មៅ សេរី​០២១ គ្មាន​ផ្លា​ក​លេខ ម្ចាស់​ឈ្មោះ កាវ ធារ​ម្យ ភេទ​ស្រី អាយុ​៤២​ឆ្នាំ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២៣ ។

លោក​វរសេនីយ៍ឯក កែវ សា​រិ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​បាន​បញ្ជា​អោយ​កម្លាំង​អន្តរាគមន៍ និង​ជំនាញ ធ្វើការ​ស្រាវជ្រាវ​តាម​រកមុខ​សញ្ញា​ចោរកម្ម​លួច​ម៉ូតូ​អោយ​បាន​លុះដល់​វេលា​ម៉ោង​០៦​និង​៣៥​នាទី​ព្រឹក នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ​.​ដដែល សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គា ម៉ុង​ថុ​ល ដែល​កំពុង​បណ្តើរ​ម៉ូតូ​០១​គ្រឿង​នោះ នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ក្បែរ​ក្រុមហ៊ុន​ផ្ញើ​អីវ៉ាន់​វី​រៈ​ប៊ុ​ន​ថាំ ស្ថិត​នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ លោក​អធិការ​បន្ត​ថា ក្រោយ​សមត្ថកិច្ច​បាន​សួរនាំ​ឈ្មោះ គា ម៉ុង​ថុ​ល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ដែល​ជា​មុខសញ្ញា​សកម្ម ស្នាក់​នៅ​ដី​ទុក​ចោល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ត្នោត​ទ្រេត សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជន​ស​ង្ស័​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​០១​គ្រឿង​នេះ​ប្រាកដ​មែន បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់៕

ប្រភព៖ នាយកដ្ឋាបផ្សព្វផ្សាយអប់រំ