ក្រសួងសាធារ ណការ និងដឹកជញ្ជូន កំពុងពិចារណាផ្លាស់ប្តូរផ្លាកលេខរថយន្តចាស់ដែលគ្មានQR Cod ទៅជាផ្លាកលេខមាន QR Code ទាំងអស់ ដោយឥតគិតថ្លៃ

0

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងកំពុងពិចារណាផ្លាស់ប្តូរផ្លាកលេខរថយន្តចាស់ដែលគ្មានQR Cod ទៅជាផ្លាកលេខមាន QR Code ទាំងអស់ ដោយឥតគិតថ្លៃ ដើម្បីលុបបំបាត់ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មវិធី “អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន” នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាសួនច្បារ វត្តបទុមវតី រាជធានីភ្នំពេញ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្រសួង សាធារណការនិងដឹកជញ្ជូន កំពុងពិភាក្សាគ្នាជាមួយនឹងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការផ្លាស់ប្តូរផ្លាកលេខទាំងអស់ដែលមិនមាន QR Code ទៅជាផ្លាកលេខដែលមាន QR Code ដោយឥតគិតថ្លៃ។

ឯកឧត្តម បានបន្តថា ការផ្លាស់ប្តូរផ្លាកលេខឱ្យទៅជា QR Code នេះ ដើម្បីអាចផ្តល់ភាពងាយស្រួលក្នុងការពិនិត្យផ្លាកលេខពិតឬមិនពិត ក្នុងការរួមចំណែកលុបបំបាត់ការប្រើប្រាស់ផ្លាកលេខក្លែងក្លាយ ឬការបំពាក់ផ្លាកលេខខុសរថយន្តជាដើម បង្កើនចំណូលរដ្ឋ និងរួមចំណែកដល់ការស្វែងរករថយន្តដែលគេច ពន្ធផងដែរ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការផ្លាស់ប្តូរផ្លាកលេខឱ្យ ទៅជា QR Code នេះដែរ ដើម្បីកំណត់អាសយដ្ឋានបច្ចុប្បន្នភាពរបស់អ្នកប្រើប្រាស់ឱ្យបានច្បាស់ លាស់ផងដែរ។

សំឡេង « យើងកំពុងរកនិតិវិធី ជួយសម្របសម្រួលធ្វើយ៉ាងណាបើអាចធ្វើទៅបាន គឺឱ្យគាត់មកប្តូរចុះផ្លាកហ្នឹង ជាផ្លាក QR Code ដោយមិនបាច់បង់លុយ យើងខ្ញុំកំពុងពិភាក្សាគ្នាជាមួយក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលត្រូវប្រើថវិកាគួរសមដែរ ដើម្បីប្តូរទាំងអស់។ ការប្តូរនេះដើម្បីលុបបំបាត់ផ្លាកសេះ ហោះក្លែងក្លាយ ទី២ពេលគាត់មកប្តូរ យើងធ្វើបច្ចុប្បន្នភាព នូវអាសយដ្ឋានរបស់គាត់ឱ្យបានល្អ អ៊ីចឹងពេលការផាកពិន័យយើងរកផ្ទះគេមិនឃើញ។ សូមបញ្ជាក់ថា សព្វថ្ងៃមួយចំនួនយើងផាកពិន័យ ប៉ុន្តែរកអាសយ ដ្ឋានមិនឃើញ ដូច្នេះបើយើងធ្វើបច្ចុប្បន្នភាពទាំងអស់នេះមក នេះជាការល្អ ដើម្បីកាត់បន្ថយការក្លែងបន្លំផ្លាកលេខរបស់យើង »។

សូមបញ្ជាក់ថា យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានជំនិះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ចំនួនយានយន្តដែលបានចុះបញ្ជីតាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២២ មានចំនួន ៦,៧៦៧,៨៧១គ្រឿង ក្នុងនោះម៉ូតូ៥,៧៥៤,៣០៦គ្រឿង, រថយន្តធុនស្រាល៧២៨,២៩៤ គ្រឿង និងរថយន្តធុនធ្ងន់ ២៨៥,២៧១គ្រឿង) កំណើនជាមធ្យមនៅ៥ឆ្នាំចុងក្រោយមានប្រមាណជា១១,៣%៕

ប្រភព៖ ក្រសួងព័ត៌មាន