ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ខេត្តមានវារីអគ្គិសនីចំនួន២កន្លែង ដែលមានសមត្ថភាព ផលិតថាមពលអគ្គិសនីប្រមាណ២០០មេហ្គាវ៉ាត់ សម្រាប់បម្រើជូនប្រជាពល រដ្ឋប្រើប្រាស់នៅទូទាំងខេត្ត។
ថ្លែងក្នុងសន្និសីទ ស្តីពីភាពជោគ ជ័យរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា វារីអគ្គិសនីនៅ ក្នុងខេត្តពោធិ៍សាត់ដែលមានចំនួន ០២ នេះ រួមមាន វារីអគ្គិសនីស្ទឹងអាតៃ ស្ថិតនៅ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានអនុភាព ១២០មេហ្គាវ៉ាត់(MW) កំពុងដំណើរការ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង មានអនុភាព ៨០មេហ្គាវ៉ាត់ (MW) ក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់ ហើយគម្រោងនេះនឹងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៦ នាពេលខាងមុខ ។ បន្ថែមពីនោះ ក្នុងខេត្តមានអនុស្ថានីយ ចំនួន៣ អនុស្ថានីយអូរសោម, អនុស្ថានីយ ពោធិ៍សាត់ និង អនុស្ថានីយស្វាយស។
ឯកឧត្តម បានបន្តថា ខេត្តក៏មានថាមពលពន្លឺព្រះអាទិត្យ និងថាមពលផ្សេងៗ រួមមាន ស្ថានីយអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានអនុភាព ៩០មេហ្គាវ៉ាត់(MW) ០១ កន្លែង, មានអនុភាព ១០គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង, មានអនុភាព ០៧ គីឡូវ៉ាត់ម៉ោង (KWH) ០១កន្លែង និងស្ថានីយសាកអាគុយ ដើរដោយពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និង ប្រេងខ្មៅ មានអនុភាព ៥១៩ គីឡូវ៉ាត់ម៉ោង(KWH) ០១កន្លែង។ បន្ថែមពីនោះទៀត មូលនិធិកម្មវិធីថាមពលអូស្ត្រាលី(ODA) សាង សង់ឡើងដោយ សាធារណរដ្ឋកូរ៉េ ចំនួន០៤ នៅស្រុកភ្នំក្រវាញ មានដូចជា កម្លាំង ៣៤.៦គីឡូវ៉ាត់ ១កន្លែង, កម្លាំង ១៣.៩ គីឡូវ៉ាត់ ១ កន្លែង, កម្លាំង ៦.៩ គីឡូវ៉ាត់ ១កន្លែង និងកម្លាំង ១៣.៩ គីឡូវ៉ាត់ ១កន្លែង។
(សំឡេង)«ចំពោះវារីអគ្គិសនីមានចំនួន២កន្លែងរួមមាន វារីអគ្គិសនីស្ទឹងអាតៃមានអនុភាព ១២០មេហ្គាវ៉ាត់កំពុងដំណើរការនិងវារីអគ្គិសនីស្ទឹងពោធិសាត់១មានអនុភាព ៨០មេហ្គាវ៉ាត់ដោយក្រុមហ៊ុនកំពុងដំណើរការសាងសង់ទំនប់ហើយគម្រោងនេះនឹងដាក់ឱ្យដំណើរការនាឆ្នាំ២០២៦ខាងមុខ ហើយវារីអគ្គិសនីទាំងពីរនេះ នឹងមានថាមពលជារៀងរាល់ថ្ងៃអត់មានរដូវវស្សារដូវប្រាំងគឺមានជាប់រហូតបើតាមប្រសាសន៍របស់អគ្គនាយកក្រុមហ៊ុន »។
សូមជម្រាប់ថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយក្នុងចំណោមរាជធានី ខេត្ត ទាំង២៥ ស្ថិតនៅភាគពាយ័ព្យ នៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៨៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ មានព្រំប្រទល់ខាងកើត ជាប់នឹងខេត្តកំពង់ឆ្នាំង ខាងលិចជាប់នឹងខេត្តបាត់ដំបង និងប្រទេសថៃតាមខ្សែបន្ទាត់ព្រំដែនប្រវែង ប្រមាណ ៨០គីឡូម៉ែត្រ ខាងជើងជាប់នឹងខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលលាតសន្ធឹងតាមបឹងទន្លេសាប ប្រវែងប្រមាណ ៨៦គីឡូម៉ែត្រនិងខាងត្បូងជាប់នឹងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ រដ្ឋបាលដែនដី បែងចែក ចេញជា ១រដ្ឋបាលក្រុង ៦រដ្ឋបាលស្រុក ៧សង្កាត់ ៤២ឃុំ និងភូមិ៥២៦ ៕
ប្រភព៖ ក្រសួងព័ត៌មាន