បាត់ដំបង៖ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង២០នាទី នៅចំណុចបឹងខេវ ស្ថិតនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចាត់ឱ្យកម្លាំងជំនាញ ចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ចរន្តអគ្គិសនី បណ្ដាលឲ្យស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ គឹម យៀត ហៅបុិប ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្រុមទី៩ ភូមិអូរស្រឡៅ ឃុំវត្តាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរ ធ្វើស្រែ ។ ឆ្លងតាមការបំភ្លឺឈ្មោះ គឹម រ៉ៃ ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មុខរបរធ្វើស្រែ ត្រូវជាប្អូនប្រុស បានឲ្យដឹងថា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២០និង០០នាទី បងរបស់ខ្លួនបានចេញពីផ្ទះ ទៅរកឆក់ត្រីនៅបឹងខេវដូចសព្វដង ។ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១១និង២០នាទី ខ្លួនបានទទួលដំណឹងថាបងប្រុសរបស់ខ្លួនបានស្លាប់ហើយ ដោយសាម៉ូទរ័ឆក់ត្រី បានឆក់ខ្លួនឯង ហើយខ្លួនបានទៅរាយការជូនសមត្ថកិច្ចតែម្តង ។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ គឹម យៀត នេះពិតជាស្លាប់ដោយសារម៉ូទរ័ឆក់ត្រី ឆ្លងចរន្តអគ្គិសនី នៅក្នុងបឹងមានជម្រៅ ១,៥មែត្រ ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ