ព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ ៤ នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនិងករណីលួច (ឆក់ទូរស័ព្ទដៃ)។
នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង ១១និង០០នាទី ថ្ងៃត្រង់ មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ហ៊ុយ សុខហេង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បានមកដាក់ពាក្យបណ្ដឹងថា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩និង៤៧នាទី មានជនសង្ស័យ ០១នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6915 បានធ្វើសកម្មភាពជាទិញទូរស័ព្ទ ០១គ្រឿង ហើយក៏បន្លំឲ្យទៅយកទូរស័ព្ទដៃ ០១គ្រឿងផ្សេងទៀត ហើយក៏មានឱកាសឆក់យកទូរស័ព្ទ ០១គ្រឿង ម៉ាក IPHONE X ពណ៌ស រត់ឡើងម៉ូតូបើករត់គេចខ្លួនបាត់ទៅ ។
បន្ទាប់ពីទទួលបណ្ដឹងរួចរាល់ហើយ កម្លាំងសមត្ថកិច្ចយើង ក៏បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃ-ខែ-ឆ្នាំ ដដែល វេលាម៉ោង ១៥និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការណ៍ជាមួយកម្លាំងអធិការក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ ៤ ទើបឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ រួមជាមួយវត្ថុតាង ទូរស័ព្ទដៃ ០២គ្រឿង (ជាផលនៃអំពើលួច) និងម៉ូតូ ០១គ្រឿង (ជាមធ្យោបាយប្រព្រឹត្តិ បទល្មើស) និងបានយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការសួរនាំ ។ រីឯវត្ថុតាងចាប់បានជាក់ស្ដែងរួមមាន៖ ទូរស័ព្ទដៃ ០២គ្រឿង ម៉ាក HUAWEI ពណ៌ខៀវ ០១គ្រឿង និងម៉ាក IPHONE X ពណ៌ស ០១ គ្រឿង (ជាផលនៃអំពើលួច), ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1H-6915 ។ ចំពោះករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ