បន្ទាយមានជ័យ ៖ ក្មេងប្រុស០៣នាក់ ស្លាប់ដោយលង់ទឹក ក្នុងនោះមាន០២នាក់ លង់ទឹកស្រះ និង០១នាក់លង់ទឹកស្ទឹង ។ ករណីក្មេងលង់ទឹកនេះ បានកើតឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅស្រុកមង្គលបូរី និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ករណីទី១. នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី០៣ មីនា មានក្មេងប្រុស០១នាក់ ឈ្មោះ ធឿន ចាន់ធីម ភេទប្រុស អាយុ ០៥ឆ្នាំ នៅភូមិពោធិពីរដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី បានលង់ទឹកស្ទឹងស្លាប់។
នគរបាលបានបញ្ជាក់ថា មុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះបានមកពីសាលារៀន ហើយបាន ចុះងូតទឹកស្ទឹងនៅខាងក្រោយផ្ទះចម្ងាយ ២០ម៉ែត្រ ដោយគ្មាននរណាដឹងពេលបាត់ក្មេង ដើររកក៏ឃើញស្លាប់នៅក្នុងស្ទឹង ។
ករណីទី០២. នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ នៅវេលាម៉ោង ០៦និង២០នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ មានក្មេងប្រុស ០២នាក់ លង់ទឹកស្រះ ក្រោយវត្តទំនប់ដាច់ចម្ងាយ ២០០ម៉ែត្រ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្មេងប្រុសរងគ្រោះទាំង០២នាក់៖ ១/-ឈ្មោះ ម៉េង លីហួរ ភេទប្រុស អាយុ៥ឆ្នាំ, ២/-ឈ្មោះ ភស្ស លីហាន ភេទប្រុស អាយុ៥ឆ្នាំ នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលបានបញ្ជាក់ថា យោងតាមការបំភ្លឺរបស់ឈ្មោះ ម៉ុន សំ ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវយាយបង្កើត របស់ជនរងគ្រោះ បានប្រាប់ថា ក្មេងទាំង០២នាក់ តែងតែតាមម្ដាយរបស់គេ ទៅបោកខោអាវនៅស្រះខាងកើត លុះដល់វេលាម៉ោងប្រហែល០៥ល្ងាច បាត់ចៅទាំង០២នាក់ ក៏នាំគ្នាទៅរកស្រះខាងកើត ក៏បានឃើញខោអាវចៅ (នៅនិងស្រះ) ពេលនោះសង្ស័យថា ចៅលង់ទឹកស្រះ បងប្អូនសាច់ញាតិក៏នាំគ្នាចុះរាវរកក៏ប្រទះឃើញសព ឈ្មោះ ម៉េង លីហួរ លុះក្រោយមកទៀត ទើបរាវរកឃើញសពឈ្មោះ ភស្ស លីហាន ម្នាក់ទៀត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ