កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៥០នាទី លើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិថ្មគោល ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីម៉ូតូប៉ះរថយន្តពីក្រោយរួចខ្ទាតម៉ូតូនិងមនុស្សចូលរថយន្ត ១គ្រឿងទៀត បណ្តាលអោយស្លាប់នៅនិងកន្លែងកើតហេតុ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុមានម៉ូតូ ១គ្រឿង ម៉ាក ហុងដា ស្កុបពី ពណ៍ស ពាក់ស្លាកលេខកំពង់ស្ពឺ 1W-6840 អ្នកបេីកបរឈ្មោះ វន រតនា ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងក្រឡូង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានប៉ះពីក្រោយរថយន្ត១គ្រឿង ម៉ាកFUSO ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B-1313 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងចតលើផ្លូវ ពីជើងទៅត្បូងស្របទិសគ្នា រួចក៏ខ្ទាតម៉ូតូនិងមនុស្សចូលរថយន្ត១គ្រឿងទៀត មិនស្គាល់ម៉ាក ស្លាកលេខ មិនស្គាល់មិនអត្តសញ្ញាណអ្នកបើកបរ (បើករថយន្តគេចក្រោយពេលកើតហេតុ) បានជាន់មនុស្ស និងម៉ូតូ ដែលកំពុងបើកបរស្របទិសគ្នា ពីជើងទៅត្បូង បណ្តាលអោយឈ្មោះ វន រតនា ស្លាប់នៅនិងកន្លែងកើតហេតុ។
សមត្ថកិច្ចជំនាញបានធ្វើការវាសវែងរួច សពបានប្រគល់ជួនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាងទាំង ២គ្រឿង រក្សាទុកនៅប៉ុស្គិ៍នគរបាលរដ្ឋបាលសំបូរ ដើម្បីស្រាវជ្រាវ កសាងសំណុំរឿងទៅតាមនិតិវិធី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ