ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នៅកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានថ្លែងបញ្ជាក់ថា កម្ពុជានឹងចំណាយថវិកាចំនួន ១២៤លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ក្នុងឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ចំនួនខាងលើនេះ នៅមិនទាន់រាប់បញ្ចូលថវិកាដែលត្រូវចំណាយលើការរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនៅឡើយទេ ដោយការប្រកួតកីឡាជនពិការអាស៊ាននេះទាមទារឲ្យមានការចំណាយពី៣០ ទៅ៤០លានដុល្លារបន្ថែមទៀត។
លើកឡើងដើម្បីជាការបំភ្លឺនិងបដិសេធចំពោះការនិយាយមិនច្បាស់លាស់ពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួនស្តីពីថវិកាចំណាយសម្រាប់ការរៀបចំនេះ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា ការចំណាយថវិការបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ គឺជាចំណាយប្រកបដោយការសន្សំសំចៃ ហើយជាការចំណាយទាបជាងគេក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ