បាត់ដំបង៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដឹងនៅវេលាម៉ោង១៦និង២២នាទី ត្រង់ចំណុចក្រុមទី ១៣ ភូមិព្រៃទទឹង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង មានករណីមនុស្សធ្វេីអត្តឃាត (ចងកសម្លាប់ខ្លួន) កេីតឡេីងមួយលេីក សាកសពជនរងគ្រោះឈ្មោះ វ៉ិត ងិត ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃទទឹង១ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង។
តាមការបំភ្លឺពីឈ្មោះ ឡោត ទុំ ភេទស្រី អាយុ ៦៩ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានប្រាប់អោយដឹងថាប្តីរបស់ខ្លួនជាមនុស្សញៀនស្រា ផឹកស្រាជាប្រចាំ ហើយពេលផឹកស្រវឹងម្តងៗ គាត់តែងតែស្រែកជេរ វាយពាង វាយចានឆ្នាំង ហើយវាយទាំងខ្លួនទៀតផង (ទោះខ្លួន និងកូនចៅហាមមិនអោយផឹកស្រាក៏គាត់មិនស្តាប់) ហើយគាត់ក៏ធ្លាប់លេបថ្នាំប៉ារ៉ា (ចំនួន០១ក្បង់ដៃ) សម្លាប់ខ្លួនម្តងដែរ ប៉ុន្តែខ្លួនឃើញទាន់ក៏បានឃាត់ហើយខ្វេះថ្នាំចេញពីមាត់ទាន់ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ គាត់បានផឹកស្រាស្រវឹងតាំងពីព្រឹករហូតដល់វេលាម៉ោងប្រហែល១៣ ខ្លួនបានដេកនៅកន្លែងដេករបស់ខ្លួនហើយប្តីរបស់ខ្លួនបានដេកសម្រាកនៅកន្លែងដេករបស់គាត់ក្នុងសំយ៉ាបផ្ទះផ្នែកខាងជើង លុះដល់ម៉ោងជិត១៤ ស្រាប់តែលឺចៅរបស់ខ្លួនឈ្មោះ រី នីសាន់ ភេទប្រុស អាយុ០៩ឆ្នាំ បានស្រែកថា ម៉ាក់យាយ តាចងកស្លាប់បាត់ហើយ ពេលនោះខ្លួនក៏ស្ទុះទៅយកកាំបិតកាត់ចំណង និងបានស្រែកហៅអ្នកជិតខាងអោយមកជួយ។ តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះញៀនស្រាផឹកស្រវឹងជាប្រចាំ និងមានជំងឺប្រសៃប្រសាទ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកបវេល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ វ៉ិត ងិត ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ