ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយទទួលពាក្យបណ្តឹងពីជនរងគ្រោះ

0

បាត់ដំបង ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លំាជំនាញរួមសហការជាមួយសមត្ថកិច្ចនគរបាលស្រុកបាណន់ ដែលមានលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី ជាអធិការនគរបាលស្រុកធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ ឈ្មោះ រស់ មករា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិកំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទលួចយកទ្រព្យសម្បត្តិអ្នកដទៃ និងបានដកហូតម៉ូតូចំនួន ០១គ្រឿងផង ។

កិច្ចប្រតិបត្តិការនេះគឺស្របតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ភោន សារ៉ែន ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅក្រុមទី០៣ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានប្តឹងចូលមកសមត្ថកិច្ចនគរបាលកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ថារូបគាត់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណធ្វើសកម្មភាពលួចយកម៉ូតូរបស់គាត់ចំនួន ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ លេខតួ/លេខម៉ាស៊ីនND១២៥ ME-៥៦២៩២២៦ ពាក់ស្លាកលេខ បាត់ដំបង ១AI-៩៧៥០ និងទ្រព្យសម្បត្តិក្នុងកាបូបយួរ ពណ៌ខ្មៅ រួមមាន ៖
-ប្លង់ដីលំនៅដ្ឋានចំនួន ០១ប្លង់
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១
-ប័ណ្ណសម្គាល់ទោចក្រយានយន្តចំំនួន ០១សន្លឹក
-កាតអេធីអ៉ឹមចំនួន ០២សន្លឹក
-សៀវភៅភាសារបាលីចំនួន ០២ក្បាល
-សៀវភៅចុះបញ្ជីវត្តមានសិស្ស( ព្រះសង្ឃ) ចំនួន ០១ក្បាល
-ប្រាក់រៀលចំនួន ១០០.០០០រៀល (មួយសែនរៀលគត់) ។

សកម្មភាពនេះបានកើតឡើងនៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃខែឆ្នាំខាងលើ ត្រង់ចំណុចវត្តពោធិ៍លង្កា ស្ថិតក្នុងក្រុមទី០១ ភូមិកាច់រទេះ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ពេលទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលស្រុកបានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅកំណត់មុខសញ្ញាបាន និងសហការជាមួយនគរបាលស្រុកបាណន់ឃាត់ខ្លួន ព្រមទាំងដកហូតម៉ូតូបានតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនមកកាន់ផែនជំនាញ ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ