ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធករណីហិង្សាបង្ករបួសស្នាមលើអ្នកដទៃ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌកំបូលស្រាវជ្រាវបង្ក្រាបចាប់ខ្លួនបានកាលពីវេលាម៉ោង១៦និង០០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីពួកគេធ្វើសកម្មភាពរួចហើយ ។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងទទួលការងារព្រហ្មទណ្ឌខណ្ឌកំបូល ប្រាប់ឱ្យដឹងថា ករណីនេះបានកើតឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៣និង១៥នាទីរសៀល នៅចំណុចភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ។
លោកអធិការរងបន្តថា ជនរងគ្រោះ ឈ្មោះពុំ ឆេងលីម ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
លោកបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីភាគីជនរងគ្រោះ កម្លាំងបានធ្វើការស្រាវជ្រាវរហូតដល់ល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយនគរបាលស្រុអង្គស្នួល ឈានទៅឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ មានឈ្មោះ ម៉ី ផាន់ណា ហៅ ផាន់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រៃសំរោង ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល និងឈ្មោះ មុំ សុម៉ៃ ហៅ និត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដនៅ ភូមិ ព្រៃសំរោង ឃុំទួលព្រេច ស្រុកអង្គស្នួល ។ ជាមួយគ្នានោះដកហូតវត្ថុតាង ៖ កាំបិតប៉័ងតោ ចំនួន០១ដើម និងម៉ូតូ០១គ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងខណ្ឌកំបូលប្រាប់ឱ្យដឹងទៀតថា៖នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា«ពួកខ្លួនពិតជាបានធ្វើសកម្មភាព ប្រើកាំបិតប៉័ង តោ កាប់ទៅលើជនរងគ្រោះពិតប្រាកមែន ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ