បុរសម្នាក់ស្លាប់ភ្លាមៗ ដោយសារតែដងភ្លោះ

0

មណ្ឌលគិរី​៖ កាលពី​ថ្ងៃ​ពុធ ៣​កើត ខែ​ផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​និង​១៥​នាទី បុរស​ម្នាក់​ដែល​ជា​ជន​រង​គ្រោះ​មាន ឈ្មោះ ញឹ​ម អឹ​ប ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ​ខ្មែរ មុខរបរ​កសិករ​មាន​ទីលំនៅ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

ដោយ​បុរស​ដែល​ជា​ជន​រង​គ្រោះ​បាន​ទៅ​ឆក់​ត្រី​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ឆក់​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ​។

តប​តាម​ការ​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​តាម​រយះ​កូនបង្កើត​របស់​ជន​រង​គ្រោះ ឈ្មោះ អឹ​ប អម​រ៉ា កូនស្រី ជន​រង​គ្រោះ​បាន​ឆ្លើយ​ប្រាប់​ថា នៅ​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ វេលា​ម៉ោង ១៣​និង​៣០​នាទី ឪពុក​របស់ខ្ញុំ​បាន​ចេញពីផ្ទះ ទៅ​រក​ឆក់​ត្រី នៅ​អូរ​រ៉ាង​លើ រហូត​ដល់​ថ្ងៃ​ទី​២១​ខែកុម្ភៈ ឆ្នាំ​២០២៣ មិនឃើញ​គាត់​ត្រឡប់​មក​ផ្ទះ​វិញ​ទេ​។

ខ្ញុំ​ក៏​បានឱ្យ​ប្ដី​ខ្ញុំ និង​បង ប្រុស​របស់ខ្ញុំ​ទៅ​តាម​រក ប៉ុន្តែ​រក​មិនឃើញ​លុះ​ព្រឹក​ឡើង​ម៉ោង​០៧​និង​៣០​នាទី ក៏​បាន​នាំ​គ្នា​ទៅ​រក​ទៀត​ក្នុង​នោះ​មាន​ទាំង​កម្លាំង ប្រជា​ការពារ និង​អ្នក​ភូមិ ចំនួន​១៨​នាក់ ទៅ​ស្វែងរក​ជាមួយ​ផង​រហូត​ដល់​ម៉ោង​០៩​និង ៣០​នាទី ក៏​បាន​ទៅ​ដល់​ចំណុច​អូរ​រ៉ាង និង​បាន​ចែកផ្លូវ​គ្នា​ដើរ​រក​នៅ​ពេល​ចុះ​ទៅ​ដល់​ក្នុង​អូរ ចម្ងាយ​ប្រហែល ២០០​មែ​ត្រ ក៏​ប្រទះ​ឃើញ​សាកសព ដេក​ស្លាប់​ផ្ងារពោះ​ក្នុង​ទឹក​នៅ​លើ​អា​គុយ ដោយ​ដៃ​ទាំង​ពីរ​កាន់​ជាប់​ដង​ឆក់ ក្នុង​សភាព​ហើម​មើល​មិន​ស្គាល់​ទៅ​ហើយ​។

តាម​ការ​សន្និដ្ឋាន​និង​កា​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​សមត្ថកិច្ច​សាកសព​ពិតជា​បាន​ស្លាប់​ដោយសារ​ឆ្លង​ចរន្តអគ្គិសនី​ម៉ាស៊ីន​ឆក់​ត្រី​ពិតប្រាកដ​មែន​មិន​ពាក់ព័ន្ធ​និង​ករណី​រឿង​ព្រហ្មទណ្ឌ​ឡើយ​។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្ដិ៍​នគ​បាល​រដ្ឋបាល ឃុំ​ស្រែ​ឈូក បាន​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅផ្ទះ​សព​ក្នុងភូមិ​ចក់​ចា ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ