បាត់ដំបង ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៨និង៣០នាទី នៅចំណុចភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីឆក់ខ្សែភ្លើង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងរបួសស្រាលម្នាក់ ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងកំណត់ ករណីឆក់ខ្សែភ្លើងនេះបណ្ដាលឲ្យស្លាប់ម្នាក់ ជនរងគ្រោះឈ្មោះ វង្ស ចាប ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ (អាចារ្យវត្ត) រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងរបួសស្រាលម្នាក់ទៀតឈ្មោះ ឡេង ឈន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សមត្ថកិច្ចបានរាយការណ៍អោយដឹងថា ជនរងគ្រោះយកឫស្សីស្រស់ចងមេក្រូជិតខ្សែភ្លើងនាំអោយឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យ ទើបបណ្តាលអោយមានមនុស្សឆក់ស្លាប់ និងរងរបួសស្រាលបែបនេះ ។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ ក្រុមការងារបានធ្វើការសន្និដ្ឋានបានថា សពឈ្មោះ វង្ស ចាប នេះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ