បាត់ដំបង៖ នៅថ្ងៃអាទិត្យ ៧រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង២២នឹង២១នាទី នៅចំណុចបូរីយិនម៉ាន់យីអាន ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដាវសាម៉ូរៃកាប់) កើតឡើង០១លើក ដែលបង្កឡើង ដោយជនសង្ស័យចំនួន ០៤នាក់។ សមត្ថកិច្ចបង្ក្រាបជនសង្ស័យបានចំនួន ០២នាក់ ៖
១.ឈ្មោះ សាយ តាំងឆាយ ហៅឆៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ជាជនដៃដល់ (ឃាត់ខ្លួន)
២.ឈ្មោះ ហុក ម៉េងហុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួន)
បានធ្វើសកម្មភាពយកដាវសាម៉ូរៃកាប់ទៅលើជនរងគ្រោះម្នាក់ ឈ្មោះ នី ចិន្តា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសធ្ងន់ (ដាច់រយាស់កែងដៃខាងស្តាំ) ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ។
បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបវេល និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតបានដាវសាម៉ូរៃចំនួន ០១ជាវត្ថុតាង។ ករណីនេះ សមត្ថកិច្ចនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ