លទ្ធផលក្លែងបន្លំធ្វើសមត្ថកិច្ច ទាំងដែលខ្លួនឯង​មិនមែនផង

0

តាកែវ​៖ ដោយ​មាន​បទបញ្ជា​ពី​លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៣ កម្លាំង​អាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ភូមិ​ពានមាស ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ពី​បទ​ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ ឈ្មោះ យក់ សុ​ជាតិ ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ មុខរបរ គ្រូបង្ហាត់​នៅ​ក្នុង​សមាគម​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ នៅ​វេលា​ម៉ោង​១៥​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះ​នៅ​ចំណុច​សមាគម​ន៍​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ នឹង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៤​នាក់​បន្ថែម​ទៀត ពី​បទ​ក្លែង​ឯកសណ្ឋាន​។

ជនសង្ស័យ​ទាំ​០៥​នាក់​មានឈ្មោះ​ឈ្មោះ ប៉ា ឧត្តម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ត្រាំ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​, ឈ្មោះ អឿ​ន អាន ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្ម​សរ ឃុំ​លំពង់ ស្រុក​បាទី​, ឈ្មោះ ទេព ឡៃ​សេង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​, ឈ្មោះ ទេព មុនី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិសុខ រស់នៅ​ភូមិ​តា​ម៉ូ​វ ឃុំ​ជើង​គួ​ន ស្រុក​សំរោង និង​ឈ្មោះ ញឹក យី​ឡាយ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ប្រធាន​សមាគម​ន៍​ជួយ​ជន​រង​គ្រោះ​ដោយសារ​គ្រឿងញៀន រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ។

វត្ថុ​តាង​ចាប់​យក​រួម​មាន​៖
១.​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ខោ​ចំនួន ១២​ខោ អាវយឺត​ចំនួន​០៧​អាវ មួក​០៩ ស្បែកជើង​ក​វែង​ចំនួន​០៧​គូ​។
២.​ឯកសណ្ឋាន​យោធា ខោ​ចំនួន​០៣​ខោ អាវយឺត​ចំនួន​០១​។
៣.​ឯកសណ្ឋាន​នគរបាល អាវ ចំនួន​០៤ ខោ​ចំនួន​០២ ។
៤.​ឯកសណ្ឋាន​អង្គរក្ស អាវយឺត​ចំនួន​០៤ មួក​ចំនួន​០៤ ។
៥.​រថយន្ត​ចំនួន​០២​គ្រឿង​(​ម៉ាក​LEXUS 470 ពណ៌​កាំ​ម៉ៃ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AL-4513 និង​LEXUS 400h ពណ៌​ត្រេ​អ៊ី ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​០២ ២-៨៩៨៥)​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​នីតិវិធី​៕

ប្រភព៖ GRK News