តាកែវ៖ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានផ្ដាំផ្ញើដល់សសាធារណៈជនទាំងអស់ កុំមានការព្រួយបារម្ភ នៅពេលមកលេងកម្សាន្ដនៅតាកែវ ព្រោះថា អាជ្ញាធរនៅមូលដ្ឋានបានធ្វើការបង្ក្រាបក្រុមក្មេងទំនើងឱ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា បន្ទាប់មានបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានបង្ហោះចែកចាយថា «មានករណីផ្សេងៗគ្នា យ៉ាងអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈក្នុងខេត្តតាកែវ បានបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ»។
ជុំវិញបញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នគរបាលខេត្តតាកែវ បានថ្លែងប្រាប់សារព័ត៌មានកាលនាព្រឹកថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ «សូមធ្វើការផ្ដាំផ្ញើដល់សាធារណៈជនទាំងអស់ និងអ្នកមកលេងកម្សាន្ដនៅខេត្តតាកែវ កុំមានការព្រួយបារម្ភឱ្យសោះ ព្រោះថា អាជ្ញាធរនៅមូលដ្ឋាន បានធ្វើការបង្ក្រាបគ្រប់ករណី ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច»។
លោកស្នងការ ក៏បានធ្វើការក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោយធ្វើបង្ក្រាបក្មេងទំនើងឱ្យបានទាន់ពេលវេលា ប្រសិនមានករណីអ្វីមួយកើតឡើង៕
ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស