កំពង់ស្ពឺ ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥និង២០នាទី នៅលើកំណាត់ផ្លូវលេខ ១៤០ ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង មានករណីគ្រោះថ្នាក់ចរាចណ៍ម៉ូតូនិងម៉ូតូ បណ្តាលអោយស្លាប់មនុស្ស២នាក់ ។
តាមការបញ្ជាក់ពីសមត្ថកិច្ច បានអោយដឹងថាមុនពេលកើតហេតុ មានម៉ូតូ១គ្រឿងម៉ាកស្គូពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GF-9021 បើកបរដោយឈ្មោះ ថែម គន្ធា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីត្បូងទៅជើង ។ លុះមកដល់ចំណុចខាងលើបានប៉ះទង្គិចជាមួយម៉ូតូ១គ្រឿង ម៉ាកអិចសេនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វែង ចាន់នី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បណ្ដាលអោយអ្នកបើកបរម៉ូតូទាំងពីរនាក់ ស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះវត្ថុតាងទាំង២គ្រឿងខាងលើ បានយកមករក្សាទុក នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ